ក្រុមអ្នកការទូតកំពូលៗកូរ៉េខាងត្បូង និងអាម៉េរិកធ្វើកិច្ចចរចាគ្នាតាមទូរស័ព្ទ ជុំវិញទស្សនកិច្ច​របស់លោក ត្រាំ ដែលបានគ្រោងទុក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងការបរទេសទីក្រុងសេអ៊ូលបាននិយាយថា ក្រុមអ្នកការទូតកំពូលៗរបស់កូរ៉េ​ខាង​ត្បូង និងអាម៉េរិកបានរៀបចំកិច្ចពិភាក្សាគ្នាតាម​ទូរស័ព្ទ​ ស្តីពីដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង​សេអ៊ូលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ(Donald Trump)ដែលបាន​គ្រោងទុក និងស្ថានការណ៍នៅឧបទ្វីបកូរ៉េ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសរុស្ស៊ី កាលពីយប់​ថ្ងៃ​អាទិត្យ(ម៉ោងនៅប្រទេសរុស្ស៊ី) រដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha បាននិយាយ​តាមទូរស័ព្ទជាមួយ​រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo មុនពេលដំណើរ​ទស្សន​​កិច្ច​របស់លោក Trump ទៅកាន់ប្រទេស​  កូរ៉េខាងត្បូង បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុង​អូសាកា ប្រទេសជប៉ុន នាថ្ងៃទី២៨ និង ២៩ ខែមិថុនាខាងមុខនេះ។

តាមក្រសួងបានឱ្យដឹងថា ពួកគេបានចែករំលែកការយល់ដឹងគ្នាទៅវិញទៅមកដែល​ថា ​ដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសកូរ៉េ នឹងក្លាយទៅជាឱកាសដ៏សំខាន់​មួយ​ ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្រ្តនានាក្នុងការធ្វើឱ្យសម្រេចបាននូវការលុបបំបាត់ចោល​នូវ​អាវុធនុយក្លេអ៊ែរពេញលេញ និងសន្តិភាពយូរអង្វែង ព្រមទាំងពង្រឹងសម្ព័ន្ធមិត្តទ្វេភាគី។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ទាក់ទងនឹងបញ្ហានេះ​អាជ្ញាធរការ  ទូតរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា នឹងបន្តធ្វើការ​ពិគ្រោះ​យោបល់យ៉ាងជិតស្និទ្ធ» ។

ដំណើរទស្សនកិច្ចរបស់លោក Trump ទៅទីក្រុងសេអ៊ូលបានធ្វើឡើង ខណៈដែល​សម្ព័ន្ធមិត្តបានខិតខំបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងព្យុងយ៉ាង ដែលមានភាពជាប់គាំង​ចាប់តាំងពីកិច្ចចរចាគ្មានកិច្ចព្រមព្រៀងរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើងលោក​ គីម ជុង-អ៊ុន(Kim Jong-un) នៅក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងទៅ។

ភាគីទាំងពីរ បានព្រមព្រៀងបន្តធ្វើការទំនាក់ទំនងគ្នា និងពិគ្រោះយោបល់លើបញ្ហា​ដែល​មិនទាន់សម្រេចរួមទាំងស្ថានភាពនៅមជ្ឈិមបូព៌ា ទាក់ទងនឹងការវាយប្រហារថ្មីៗ​ទៅ​លើ​នាវាដឹកប្រេងពីរគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់។

លោកស្រី Kang កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នាជាមួយសមភាគី​រុស្ស៊ី​លោក Sergey Lavrov នៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងសេអ៊ូល និងក្រុងមូស្គូកំពុងព្យាយាម​ពង្រឹងកិច្ចសហប្រតិបត្តិការ នៅមុនខួបលើកទី៣០ នៃឆ្នាំនៃការបង្កើតចំណងទាក់ទងការទូត​ទ្វេភាគី៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )