ឥណ្ឌូណេស៊ីបញ្ជូនសំរាមចំនួន៥កុងតឺន័រត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩​  — បណ្តាមន្រ្តីមូលដ្ឋានបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនសំរាមចំនួន៥កុងតឺន័រត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ នឹងមិនធ្វើឱ្យប្រទេសនេះក្លាយជា «ដីចាក់សំរាម» នោះទេ។

មន្ត្រីជាន់ខ្ពស់មួយរូបនេះក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក Sayid Muhadhar បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី១៥ ខែមិថុនាថា បើយោងតាមឯកសាររបស់គយបានឱ្យដឹងថា កុងតឺន័រទាំងនោះត្រូវបានគេសន្មត់ថា មានតែសំរាមជាក្រដាសប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញកុងតឺន័រទាំងនោះរួមមានទាំងកាកសំណល់ផ្សេងៗទៀត ដូចជាសំបកដប កាកសំណល់ប្លាស្ទិច និងក្រណាត់កន្ទប។

លោក Muhadhar បាននិយាយថា កុងតឺន័រទាំង ៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកាណាដា ត្រូវបានដឹកជញ្ជូនពីទីក្រុង Seattle សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ា ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ របស់ប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែមីនា ដែលភ្លាមៗនោះ នៅមិនទាន់មានព័ត៌មានច្បាស់លាស់អំពីប្រភពរបស់វានោះទេ។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ីកំពុងពិនិត្យមើលកុងតឺន័រជាច្រើនទៀតនៅក្នុងកំពង់ផែហ្សាការតា និងទីក្រុង Batam ក្បែរកោះស៊ូម៉ាត្រា។

ឥណ្ឌូណេស៊ីជាប្រទេសចុងក្រោយបំផុត ដែលបានបញ្ជូនត្រឡប់ទៅវិញនូវសម្រាមដែលនាំចូល បន្ទាប់ពីប្រទេសម៉ាឡេស៊ី ដែលបានសន្យាថា នឹងដឹកជញ្ជូនកាកសំណល់ប្លាស្ទិករាប់រយតោនទៅកាន់ប្រទេសប្រភពវិញកាលពីខែមុន។

ប្រទេសហ្វីលីពីនបានបញ្ជាទិញសំរាមរាប់ពាន់តោននៅក្នុងប្រទេសរបស់ខ្លួន ដើម្បីដឹកជញ្ជូនត្រឡប់ទៅកាន់ប្រទេសកាណាដាវិញ ដែលបានបញ្ឆេះឱ្យមានបញ្ហាការទូតគ្នារវាងប្រទេសទាំងពីរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)