អនុប្រធានាធិបតីវៀតណាមចូលរួមសន្និសីទ CICA នៅប្រទេសតាជីគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩​ — អនុប្រធានាធិបតីវៀតណាម លោកស្រី Dang Thi Ngoc Thinh បានចូលរួមសន្និសីទលើកទី៥ ស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា។

ថ្លែងមតិនៅក្នុងពិធីនោះ អនុប្រធានាធិបតីរូបនេះបានអះអាងនូវគោលនយោបាយរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងកិច្ចអភិវឌ្ឍន៍ការលើកម្ពស់សមាហរណកម្មអន្តរជាតិ ការចូលរួម និងរួមចំណែកដ៏សកម្មដល់ការងាររួមរបស់សហគមន៍អន្តរជាតិ ការបង្កើតយន្តការពហុភាគីនៅថ្នាក់តំបន់ និងថ្នាក់សកលលោកដោយឈរលើគោលការណ៍នៃសមភាព តម្លាភាព និងការគោរពច្បាប់។

លោកស្រីបានសង្កត់ធ្ងន់ថា ជានិច្ចកាល វៀតណាមតែងតែខិតខំប្រឹងប្រែងថែរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់រក្សាបាននូវសេរីភាពអាកាសចរណ៍ និងសេរីភាពនាវាចរណ៍ ដោះស្រាយជម្លោះតាមរយៈវិធានការសន្តិភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងបានអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត និងជំរុញកិច្ចចរចាឆ្ពោះទៅរកក្រមប្រតិបត្តិនៅសមុទ្រខាងកើត។

អនុប្រធានាធិបតីរូបនេះបានកត់សម្គាល់ថា សន្និសីទ CICA មានសក្តានុពលដើម្បីក្លាយជាកម្លាំងជំរុញសម្រាប់សេដ្ឋកិច្ចពិភពលោកនាពេលអនាគត ប៉ុន្តែវាក៏ជាតំបន់ដែលមានហានិភ័យខ្ពស់នៃជម្លោះដែលអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់តំបន់ និងពិភពលោក ដូចជាបញ្ហាកំណើនយឺត បញ្ហាបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)