ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់​ ខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរ​មូល​ដ្ឋាន សហការគ្នាក្នុងការផ្ដល់សេវាសាធារណៈឱ្យបានល្អថែមទៀត

AKP សៀមរាប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ -ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់​ ខេត្តសៀមរាប​ បានជំរុញឱ្យអាជ្ញាធរ​មូល​ដ្ឋាន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការគ្នាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ឱ្យល្អ​ថែម​ទៀត។

ក្នុងពិធីជួបសំណេះសំណាល និងជួបប្រជុំជាលើកដំបូងជាមួយអាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ បានក្រើនរម្លឹកដល់អាជ្ញាធរភូមិឃុំ មន្ត្រី​តាមបណ្តាការិយាល័យស្រុក និងសមាជិកក្រុមការងារចុះជួយស្រុកក្រឡាញ់ទាំងអស់ ត្រូវបន្ត​បម្រើសេវាសាធារណៈដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយប្រកាន់ខ្ជាប់តែអំពើល្អ និងត្រូវអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ចៀស​វាងនូវបាតុភាពស៊ីសំណូកសូកប៉ាន់ លើការផ្តល់សេវាសាធារណៈផ្សេងៗ។ ឯកឧត្តម បានបន្ដថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមាជិកក្រុមការងារទាំងអស់ ត្រូវចងចាំថា ការបំពេញតួនាទីភារកិច្ចក្នុងការងារ បើមានចំណុចល្អគឺមិនសូវទទួលបានការកោត​សរសើរ​នោះទេ។ ប៉ុន្ដែបើភ្លាត់ឱ្យមានលេចចេញចំណុចមិនល្អនោះ​ អ្វីៗដែលខំធ្វើកន្លងមកវាក្លាយ​ទៅជាអសារបង់ឥតបានការ។ ឯកឧត្ដមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សូមប្រយ័ត្នជនឆ្លៀត​ឱកាសមកបំផ្លាញកិច្ចការងារយើង ព្រោះគោលដៅបន្តរបស់យើង គឺការពារសមិទ្ធផល​ដែល​បាននិងកំពុងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនដោយឈរលើការពង្រឹងគោលជំហរសតិអារម្មណ៍ រក្សា​សាមគ្គីផ្ទៃក្នុង ស្គាល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន និងរួមគ្នាទប់ស្កាត់នូវបាតុភាពអសកម្ម​ដែលនាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង ជាពិសេស ធ្វើយ៉ាងណាពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព​ថែមទៀតលើការបម្រើសេវាសាធារណៈ​ ដែលជាកញ្ចប់សេវាតម្រូវការចាំចាច់របស់​ប្រជាពល​រដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់និង បញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងពេលកន្លងមក ជាពិសេសដើម្បីពង្រឹងយន្តការ​ដល់ការ​គាំទ្រនូវការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់​កាល​ទី៤ របស់រាជរដ្ឋាភិបាលសម្រាប់គោលដៅរបស់ស្រុកក្រឡាញ់ ខេត្ដសៀមរាប ថាតើ​ការអនុវត្ត​កន្លងមកសម្រេចបានអ្វីខ្លះ និងនៅខ្វះខាតចំណុចអ្វីខ្លះ ដែលត្រូវកែសម្រួល​និងត្រូវរួមគ្នាបំពេញបន្ថែម ៕

ដោយ អ៊ុន រិទ្ធី