សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរចាកចេញពី ទីក្រុងឌូសាន់បេ សាធារណរដ្ឋតាជីគីស្ថាន ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

បន្ទាប់ពីស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរ​សកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងឌូសាន់បេ សាធារណរដ្ឋតាជីគីស្ថាន រយះពេល២ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៦មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងឌូសាន់បេ សាធារណរដ្ឋ​តាជី​គីស្ថាន ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅ​អាកាសយានដ្ឋាន អន្តរជាតិឌូសាន់បេ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយក​រដ្ឋ​មន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​តាជីគី​ស្ថាន ប្រធានពិធីការក្រសួងការបរទេស រួមទាំងវត្តមានអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ​រដ្ឋាភិបាលតាជីគីស្ថានជាច្រើនរូប។ តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តីនិង​គណះ​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ​នឹងអញ្ជើញធ្វើដំណើរមកដល់រាជធានីភ្នំពេញ ព្រះរាជាណា​ចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ ១៧ល្ងាចថ្ងៃដដែលនេះដែរ។