សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលជួប ឯកឧត្ដម Sooronbay Jeenbekov  ប្រធានាធិបតីគៀគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង​វិធាន​កា​រ​កសាងទំនុក​ចិត្ត​នៅអាស៊ីនៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន នារ​សៀ​លថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០១៩  ស​ម្ដេ​​​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នារសៀ​ល​ថ្ងៃ​ទី១៥ បានទទួលជួនពិភាក្សាការងារ ជាមួយ​ឯក​ឧត្ដ​ម Sooronbay Jeenbekov ប្រធានាធិបតីប្រទេសគៀគីស្ថាន។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯក​ឧត្តមប្រធានាធិបតីកៀគីស្ថាន បានមានប្រសាសន៍ថា ឯកឧត្តមមានការរីករាយដែល​បានជួប​ស​ម្ដេ​ច​តេជោ​ក្នុងឱកាសប្រជុំCICA នៅប្រទេសតាជីគីស្ថាននេះ។ ឯកឧត្តមអរ​គុណ​ចំពោះការអញ្ជើញរបស់សម្ដេច សម្រាប់ទស្សនកិច្ចនៅប្រទេសកម្ពុជា។

ស​ម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរថា សម្តេចពិតជារីករាយដែល​បានជួប​ឯកឧត្តម​ បើ​ទោះ​បីជាមានការមមាញឹក គឺយើងមានឱកាសជួបគ្នានៅទីនេះ។ សម្ដេច​តេជោបានបន្តថា ឥ​ឡូវនេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺមានរយៈពេល២៤ ឆ្នាំហើយ ក្រោយ​ពី​ការចុះកិច្ចព្រមព្រៀងកាទូតនៅឆ្នាំ១៩៩៥ ដែលមកដល់ពេលនេះទំនាក់​ទំនង​រវាងប្រទេស​យើ​ងទាំងពីរនៅមានកម្រិតតិចតួច ដូច្នេះហើយសម្ដេចបានស្នើឱ្យមាន​ការ​តែងតាំង​ឯកអគ្គរដ្ឋ​ទូត​ទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញ ឱ្យ​ទំនាក់ទំនងរវាប្រ​ទេ​ស​ទាំង​ពីរកាន់តែប្រសើរឡើង  ហើយនៅពេលអនាគតយើង នឹងអាច​មាន​ស្ថានទូត​ប្រទេ​ស​រៀង​ខ្លួន​ទៅវិញទៅមក។ សម្តេចតេជោក៏បានមានប្រសាសន៍ ពាក់ព័ន្ធ​ទៅ​នឹង​ធ្វើយ៉ាងណាឱ្យ​ប្រ​​​ទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់​តែច្រើនជាងមុន​ដែ​ល​ក្នុង​នោះ ​ សម្តេចបានស្នើឱ្យមានការចុះអនុស្សរណៈ​ដើម្បីពិគ្រោះយោ​បល់លើផ្នែកនយោបាយ ហើ​យយើងអាចចុះអនុស្សរណៈរវាងក្រសួងការពារប្រទេស​​នៃ​ប្រទេសទាំងពីរ ដើម្បីអាច​ពិភា​ក្សា​ធ្វើការជាមួយគ្នាលើទំនាក់ទំនងអន្តរជាតិ  និងការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ដែលកម្ពុជានឹង​អា​ច​​នាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី​ក្នុងនាម​ព្រះ​មហា​ក្សត្រកម្ពុជា ក៏បានគោរពអញ្ជើញឯកឧត្តម​ប្រធានា​ធិបតី​គៀគីស្ថាន​មកបំពេញទស្សន​កិ​ច្ច​​​ផ្លូវរដ្ឋនៅកម្ពុជា ហើយសម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញ​ទៅ​បំ​ពេញទស្សនកិច្ចនៅប្រទេសគៀជីស​ស្ថាន​ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីគៀគីស្ថាន មានការចាប់អារម្មណ៍ជាខ្លាំង​ចំ​ពោះ​អ្វីដែលសម្តេចបានលើកឡើង ហើយជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និង​គៀគីស្ថាន។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគៀគីស្ថានមានឯក​អគ្គ​រដ្ឋ​ទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ ឯកឧត្ត​ម​​ប្រធានាធិបតី​ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចប្រទេសរបស់​ឯ​កឧ​ត្ត​ម ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕

ដោយ ជឹម ណារី