សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេស​ជាសមាជិកទាំងអស់ ក្នុងដំណើរការរបស់CICA

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា​ត្រៀម​ខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកទាំងអស់ ក្នុងដំណើរការរបស់    ​CI​CA​ សំដៅកសាងនិម្មាបនកម្មសន្តិសុខមួយសមស្របនឹងលក្ខខណ្ឌអាស៊ី ជាមួយនឹង​របៀប​វារៈ​អា​ស៊ានក្នុងការគោរពគ្នាទៅវិញទៅមក ការស្រុះស្រួលមតិ និងការយោគយល់គ្នា ដើម្បី​ការ​ពារ​សន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុង កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និ​សីទ​ស្តី​ពី​​​អន្តរសកម្មភាព និងវិធាន​កា​រ​កសាងទំនុក​ចិត្ត​នៅអាស៊ី (CICA) ក្រោមប្រធានបទ ចក្ខុវិ​ស័​​​យ​រួមដើម្បី​សន្តិ​សុខ និងវិបុល​ភាព នៃតំបន់ នាព្រឹកថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង​ឌូ​ សា​ន់​​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជាការពិត ការកសាងទំនុកចិត្ត និងការបង្កើនភាពជឿជាក់ ក្នុងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យរវាង​បណ្ដា​ប្រទេសក្នុងតំបន់របស់យើង គឺពិតជាចាំបាច់មិនអាចខ្វះបានសម្រាប់ដំណើរ​ការ​​អភិវឌ្ឍ​​រប​ស់ប្រទេសយើងនីមួយៗ ជាពិសេសដើម្បីជម្នះលើបញ្ហាប្រឈមនានា​របស់​ពិភព​លោក។ ក្នុ​ង​​​ន័យនេះ ប្រធានបទនៃកិច្ចប្រជុំនាពេលនេះ ពោលគឺ«ចក្ខុវិស័យរួម ដើម្បី​សន្តិសុខ និងវិបុល​ភាព​នៃតំបន់ CICA ពិតជាសមស្របបំផុត ដើម្បីឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹង​ប្រែង​​របស់​ប្រទេ​ស​ជា​​​សមាជិក CICA ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាសន្តិសុខ និង​ស្ថិរភាពពីភពលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់។ សម្ដេចតេជោបា​ន​​លើកឡើងថា ក្រៅពីជម្លោះក្នុងឧបទ្វីបកូរ៉េ បញ្ហានុយក្លេអ៊ែរ​ក្នុងតំបន់ ការរំលោភ​អធិប​តេ​យ្យ​ភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយចំនួន តំបន់​អាស៊ីរបស់យើង ក៏កំពុងរងផលប៉ះ​ពា​ល់​អ​វិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗ ពិសេសសហរដ្ឋអាមេរិក និងចិន ដែល​មជ្ឈ​ដ្ឋានខ្លះបានហៅថា សង្គ្រាមត្រជាក់ថ្មី។ ម្យ៉ាង​ទៀត​បទពិសោធន៍ និងមេរៀនប្រទេសលីប៊ី អ៊ីរ៉ាក់ និងស៊ីរី បានបញ្ជាក់ថា ការលូកដៃចូល​កិច្ច​ការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបាន​ធ្វើ​ឱ្យ​ស​ភាពការណ៍ប្រសើរជាងមុននោះទេ ក្រៅតែពី​ការបន្សល់ទុកនូងសោកនាដកម្មដ៏ឈឺ​ចាប់ដ​ល់​ប្រជាជនស្លូតត្រង់ និងការបំផ្លិចបំផ្លាញ ព្រម​ទាំងការបន្តហែកហួរដោយសារសង្គ្រាមស៊ីវិល។ ជា​ងនេះទៀត ភាពអត្មានិយមក្នុងការប្រកួត​ប្រជែង​អំណាច និងឥទ្ធិពល ដោយមិនបានគិតគូរ​ពី​ផល​ប្រយោជន៍រួម តាមរយៈការដាក់​ទណ្ឌកម្ម ឬគំនាបសេដ្ឋកិច្ច ការដកហូតអនុគ្រោះពន្ធ និង​គោលនយោបាយគាំពារនិយម បាន​និងកំពុងគម្រាមដល់ស្ថិរភាព និងដំណើរការអភិឌ្ឍ​រប​ស់ប្រទេស​ជាច្រើន។ សម្ដេចតេជោថ្លែ​ង​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងភាពរុងរឿង ពិតជា​មិ​ន​​អាចកើតមានជាដាច់ខាត ប្រសិនបើ​គ្មានសន្តិភាព និងសន្តិសុខជារួមនោះទេ។ ប្រសិនបើ​គ្មា​ន​​សន្តិភាព និងសន្តិសុខ យើងក៏មិន​អាចបំពេញបាននូវការសន្យារបស់យើង ចំពោះរបៀបវារៈ​សក​លរបស់អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាពបាន​ឡើ​យ។ សម្ដេចតេជោ​យល់ឃើញ​ថា យើងគប្បីទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ CICA  ពោលគឺ ការផ្ដោតលើវិធានការ​នៃការកសាងទំនុកចិត្ត។ សម្ដេចតេជោបានបន្ដថា “ខ្ញុំបានមើលឃើញពីសក្ដានុពលដ៏ធំ​ធេង​ស​​ម្រាប់កិច្ច​សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ កម្ពុជា​មានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយ​ប្រ​ទេ​សជាសមាជិក CICAទាំងអស់ ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈ​ការ​ផ្លាស់ប្ដូរព័ត៌មាន និងការតភ្ជាប់។”  សម្ដេចតេជោបានបន្ដទៀតថា ក្នុងស្មារតីនេះ យើងគួរ​ធ្វើ​ការកាន់តែជិតស្និទ្ធ​ជាមួយនឹង​«គំ​និ​តផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» ដែលជាក់ស្ដែង នឹងផ្ដល់​ឱកាសដ៏ល្អសម្រាប់​ប្រទេ​សជា​ស​មា​​ជិកCICA ដើម្បីពន្លឿនការតភ្ជាប់តំបន់ និងពង្រឹងប្រព័ន្ធ​ដឹកជញ្ជូន និងឡូជីស្ទីក។ ទន្ទឹមនេះ CICA​គួរតែសង្កត់ធ្ងន់លើសារៈសំខាន់​នៃសេដ្ឋកិច្ចពិភព​លោកមួយបើកចំហ ហើយសម្ដែង​នូវ​ការ​ប្ដេជ្ញា​ហ្មឺងម៉ាត់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែល​ផ្អែកលើវិធាននៃច្បាប់ក្រោម​ក្របខ័​ណ្ឌ​​នៃអង្គការពាណិជ្ជកម្មពិភពលោក៕

ដោយ ជឹម ណារី