កម្ពុជា តួកទីមានបំណងពង្រីកទំហំពាណិជ្ជកម្មរួមគ្នាអោយដល់១ពាន់លានដុល្លាក្នុងមួយឆ្នាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

កម្ពុជា តួកទីមានបំណងពង្រីកទំហំពាណិជ្ជកម្មរួមគ្នាអោយដល់១ពាន់លានដុល្លាក្នុងមួយឆ្នាំ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan)ប្រធានាធិបតីតួកគីនៅរសៀលថ្ងៃទី១៥ខែមិថុនា ឯកឧត្តមប្រធានាធិបតី បានស្នើឱ្យជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-តួកគីឡើងទៅដល់ ៥០០លាន ឬ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ឯកឧត្តមប្រធានាធិបតីបានស្នើដូច្នេះដោយសារតែបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រ ទេសទាំងពីរមានត្រឹម តែជាង៩១លានដុល្លារអាមេ រិកប៉ុណ្ណោះក្នុងមួយឆ្នាំគឺ ស្ថិតក្នុងកម្រិតទាបនៅឡើយ។

ឯកឧត្តមបង្ហាញពីបំណងជំរុញឱ្យអ្នកវិនិ យោគ និងពាណិជ្ជករតួកគី និងកម្ពុជារកស៊ីជាមួយគ្នាឱ្យកាន់តែច្រើនឡើង។ ឯកឧត្តមប្រធានាធិបតីបានថ្លែងថា បច្ចុប្បន្នតួកគីកំពុងឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគីជាប្រទេសដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។
ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះទស្សនៈទាំងឡាយដែលឯកឧត្តមប្រធានាធិបតីតួកគីបានលើកឡើង។ សម្តេចតេជោបានបញ្ជាក់ថា សម្តេច ក៏ចង់ឃើញប្រទេសទាំង២ជំរុញទំហំពាណិជ្ជកម្មនេះឱ្យដល់១ពាន់លានដុល្លារអាមេរិកផងដែរ។សម្តេចបានផ្តល់អនុសាសន៍ថា ដើម្បីជំរុញការងារអោយជោគជ័យគឺគួរធ្វើបញ្ជីមុខទំនិញដែលអាចនាំចេញនាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន?

ចំពោះការស្នើសុំពីប្រទេសតួកគីដែលចង់ប្រែក្លាយពីប្រទេសដៃគូសន្ទនាតាមវិស័យ ទៅជាប្រទេសដៃគូសន្ទនារបស់អាស៊ាននោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាន។
សូមបញ្ជាស់ថារាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងអង់ការ៉ាប្រទេសទួកគី។ ហើយពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងមក។