ឯកឧត្ដម ត្រាំ អុីវតឹកចែកជូនអំពូលសូឡា ដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ស្ថិតក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី៖

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុសនិងស្រុកកំពង់លែងបានមានប្រសាសន៍ថា ដោយពិនិត្យឃើញស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងមិនទាន់មាន អគ្គិសនីប្រើប្រាស់នៅឡើយ ក្រុមការងាររបស់ឯកឧត្ដមបាននាំយកគ្រឿងបរិក្ខារ អំពូលសូឡា ជូនដល់គ្រួសារដែលក្រីក្រ ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃអោយមានភាពងាយស្រួលជាងមុន ដើម្បីលើកស្ទួយកម្រិតជីវភាពអោយកាន់តែមានភាពប្រសើរឡើង។


ពិធីចែកអំពូលសូឡានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ឯកឧត្ដម ត្រាំ អុីវតឹបានប្រគល់ឧបករណ៍អំពូលសូឡា អានុភាព ១០វ៉ាត់ ចំនួន២០០ ដល់ប្រជាពលរដ្ឋឃុំផ្លូវទូកចំនួន ១១២គ្រួសារ និងឃុំប្រឡាយមាស ចំនួន ៨៨គ្រួសារ និងប្រគល់ពិល ចំនួន២០០គ្រឿង សម្រាប់ប្រជាការពារ និងអាជ្ញាធរឃុំទាំងពីរសម្រាប់ប្រើប្រាស់។ ក្រៅពីនេះឯកឧត្ដម បានឧបត្ថម្ភថវិកា សម្រាប់ជីកស្រះទឹកទំហំ ៤០ម X ៨០ម នៅឃុំផ្លូវទូក ផងដែរ។


នាព្រឹកថ្ងៃដដែល ឯកឧត្ដម ត្រាំ អុីវតឹក និងប្រតិភូអមដំណើរ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារក្នុងនោះ ៥គ្រួសាររស់នៅឃុំផ្លូវទូក និងឃុំប្រឡាយមាស ចំនួន៥គ្រួសារដែលជាចាស់ជរានិងជួបការលំបាក៕