​អគ្គនាយកគយ ​​​និងរដ្ឋាករកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី២៨​ ​នៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ ​​​និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំ ដោយឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​​​នៃ​​​អគ្គ​នាយក​ដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន​លើកទី​២៨ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីវៀងចន្ទន៍ ប្រទេសឡាវ ដោយមាន ការ​​​ចូល​រួម​ពីគណៈប្រតិភូ​គយ​នៃ​ប្រទេសអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំនេះ បានប្រារព្ធបើកក្រោមអធីបតីភាពរបស់​​លោកជំទាវ Thipphakone Chanthavongsa អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ​ និងដឹកនាំប្រជុំដោយលោក Bounpaseuth Sikounlabout អគ្គនាយកស្តីទីនៃរដ្ឋបាលគយ​​ឡាវ។​

លោកជំទាវ Thipphakone Chanthavongsa បានកត់សម្គាល់ថា​ ការបង្កើតសហគមន៍​សេដ្ឋកិច្ចអាស៊ានកាលពីឆ្នាំ២០១៨ បានប្រែក្លាយប្រទេសសមាជិកអាស៊ាន​ទាំងអស់ជាទីផ្សារ និងមណ្ឌលផលិតកម្មតែមួយ ដែលបានជំរុញពាណិជ្ជកម្មក្នុងតំបន់ និងកាត់បន្ថយហនិភ័យពី​តំបន់ខាងក្រៅ​ ហើយកិច្ចប្រជុំនេះ គឺជាវេទិកាមួយសម្រាប់តាមដានវឌ្ឍនភាពនៃការ​អនុវត្ត​គំនិតផ្តួចផ្តើមនានា ក្រោមការទទួលខុសត្រូវរ​បស់រដ្ឋបាលគយអាស៊ាន ក្នុងគោលបំណង បង្កើនតម្លាភាព និងភាពអាចទាយទុកជាមុនបាននៃការអនុវត្តនីតិវិធីគយ និងសំដៅបង្កើនកិច្ច​សម្រួលពាណិជ្ជកម្ម និងកាត់បន្ថយតម្លៃ​ធុរកិច្ចក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

ក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨នេះ បានសម្រេចលើការងារសំខាន់ៗ​មួយ​ចំនួន​ដូចជាការកត់សម្គាល់ការចូលជាធរមានពិធីសារទី៧ និងជំរុញដល់ប្រទេស​សមា ជិកអាស៊ានពន្លឿនការផ្តល់សច្ចាប័នលើពិធីសារទី២ នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីការដឹក ជញ្ជូនទំនិញឆ្លងកាត់។ បង្កើតអនុក្រុមការងារសិក្សាពីការកសាងកិច្ចព្រមព្រៀង​អាស៊ានស្តីពី​ការទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតទៅវិញទៅមក​ និង លើកទឹកចិត្ត​ដល់រដ្ឋបាលគយប្រទេសអាស៊ានទាំងអស់ឱ្យបន្តសហការជាមួយស្ថាប័ននិងភាគីពាក់ព័ន្ធក្នុងការកសាងតារាងពន្ធគយអាស៊ាន២០២២។ កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះវឌ្ឍភាពល្អនៃការ ជំរុញការអនុវត្តច្បាប់ដោយរដ្ឋបាលគយប្រទេសអាស៊ាន និងបានគួសបញ្ជាក់នូវសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ហើយឯកភាពឱ្យក្រុមការងារ​គយអាស៊ានចាប់ផ្តើមរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយឆ្នាំ២០២១-២០២៥។

ជាមួយគ្នានេះ ស្វាគមន៍ចំពោះវឌ្ឍនភាពការកសាងប្រព័ន្ធបញ្ជរតែមួយអាស៊ាន និង​បានជំរុញគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ឱ្យអនុវត្តន៍ការផ្លាស់ប្តូរវិញ្ញបនបត្រប្រភពទំនិញក្នុងទម្រង់អេឡិកត្រូនិកឱ្យបានសម្រេចត្រឹមដំណាច់ឆ្នាំ ២០១៩ ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងអំពីក្រុមការងារគយអាស៊ាន ដែលត្រូវ​យកចិត្តទុកដាក់បន្ថែម និងលើកជាសកម្មភាពការងារ ដើម្បីឆ្លើយតបនឹងលើបញ្ហាប្រឈមថ្មីៗ ដូចជាការកើនឡើងអំពើរត់ពន្ធគ្រឿងញៀននិងសត្វព្រៃខុសច្បាប់ ការរត់ពន្ធកាកសំណល់​ផ្លាស្ទិកពីបណ្តាប្រទេសអភីវឌ្ឍន៏មកក្នុងអាស៊ាន និងការគម្រាមកំហែងភេរវកម្មថ្មីៗនៅក្នុង​តំបន់ជាដើម ។ ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយជប៉ុន ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានផ្ថល់ជំនួយ​បច្ចេក​ទេសលើការកសាងសមត្ថភាពមន្ត្រីគយទាំងក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគី ព្រមទាំងបាន​ស្នើដល់រដ្ឋបាលគយនៃប្រទេសជប៉ុនឱ្យបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមទៀតរដល់រដ្ឋបាល គយនៃប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នា ជាមួយ​​គណៈប្រតិភូ​រដ្ឋបាល​​គយអូស្រ្តាលី, ចិន, ជប៉ុន កូរ៉េ និងអង្គការគយពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឺង​ការងារគយ ​និង​បាន​ពិគ្រោះ​យោបល់​​​​ជាមួយ​តំណាងវិស័យឯកជនសំខាន់ៗចំនួនពីររួមមាន ទី១. ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន-អឺរ៉ុប និងទី២. ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាម៉េរិក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហការ​រវាង​រដ្ឋបាលគយ និងវិស័យឯកជន ដើម្បី​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨នេះ គណៈប្រតិភូ​អគ្គនាយកដ្ឋានគយ ​​​និងរដ្ឋាករកម្ពុជា បាន​ប្រជុំ​​ទ្វេភាគីជាមួយអង្គការ​គយ​ពិភពលោកដឹកនាំដោយលោក​អគ្គលេ​ខាធិការរង  Ricardo TREVINO ដើម្បី​​បន្ត​ពង្រឹង​​កិច្ច​សហប្រតិបត្តិ​​ការគយរវាង​​អគ្គនាយកដ្ឋា​ន​គយ ​​​និងរដ្ឋាករកម្ពុជា និង​អង្គការគយពិភពលោក, និងក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពថ្មីៗនៃវិធានការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលសំដៅគាំទ្រ និងលើកស្ទួយវិស័យឯកជន ព្រមទាំងជម្រាបជួនវិស័យឯកជនអំពីលទ្ធផល​នៃការ​អនុវត្កម្មវិធីកែទម្រង់និងទំនើបកម្មគយផងដែរ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង