អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយចិន បើកកិច្ចប្រជុំស្តីពីកិច្ចសហ ប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — ក្នុងកិច្ចប្រជុំទ្វេភាគី រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក និងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ​ឯកឧត្តម Hu Wei  អនុរដ្ឋមន្រ្តីនៃរដ្ឋបាលគយចិន ក្នុងគោលបំណងពង្រឹង​និងពង្រីកកិច្ច​សហ​ប្រតិបត្តិការស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ​និងការ​ជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម Li Keqiang នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋប្រជាមានិត​ចិន កាលពីថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។​ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចរបស់ គណៈ​ប្រតិភូគយចិន និងគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងស្អិត​រមួត​ជា​ប្រវត្តិសាស្រ្តទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ឯកឧត្ដមបណ្ឌិតបន្ដថា បច្ចុប្បន្ន ប្រទេសចិនជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយក៏ជាប្រភពវិនិយោគផ្ទាល់ពី​បរទេសធំជាងគេនៅកម្ពុជាផងដែរ។ លើសពីនេះទៀត ប្រទេសចិនក៏ជាប្រទេសដែលផ្តល់​ជំនួយ​ហិរញ្ញវត្ថុដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ល្អរវាងរដ្ឋ​បាលគយនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិត​ចិន ដែលបានផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រចំនួន០៨គ្រឿង ជូនដល់គយកម្ពុជា។​ បច្ចុប្បន្ន​កំពុង​ប្រើប្រាស់នៅតាមមាត់ច្រក​សំខាន់ៗ និងបានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការ​បង្កើន​ប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ​ក៏ដូចជាចូលរួមជំរុញបន្ថែម ទៀតដល់កិច្ចសម្រួលពាណិជ្ជកម្មផងដែរ ។

ឯកឧត្តម Hu Wei  បានបញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ជាពិសេសផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រដ្ឋបាលគយនៃ​ប្រទេស ទាំងពីរ ត្រូវជំរុញកិច្ចសហប្រតិបត្តការឱ្យកាន់តែជិតស្និទថែមទៀត ហើយអនុស្សរណៈ យោគ​យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ គឺជាសក្ខីភាព នៃជំហានថ្មីនៃទំនាក់ទំនងកាន់តែល្អប្រសើររវាងរដ្ឋបាលគយទាំងពីរ។ ឯកឧត្តមក៏បាន ចែក រំលែកបទពិសោធន៍នៃការកែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន ក៏ដូចជាការធ្វើទំនើបកម្ម​គយ​ផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលគយកម្ពុជា និង រដ្ឋបាលគយសាធារណរដ្ឋប្រជាមានិត​ចិន  បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការគយទ្វេភាគី តំបន់ និងពិភពលោក (ក្រោមក្របខ័ណ្ឌអង្គការគយពិភពលោក) ហើយចែករំលែកលទ្ធផល នៃការអនុវត្តកម្មវិធីកែទម្រង់​និងទំនើបកម្មនៅក្នុងរដ្ឋបាលគយនៃប្រទេសទាំងពីរ។ ជាមួយគ្នា នេះដែរ ភាគីទាំងពីរក៏បានឯក ភាពគ្នាលើចំណុចសំខាន់ៗក្នុងការរួមគ្នារៀបចំកាលវិភាគការ ងារអនុវត្តកិច្ចសហប្រតិបត្តការស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ បង្កើតចំណុចទំនាក់ទំនងសម្រាប់ ផ្លាស់ប្តូរទិន្នន័យស្ថិតិ និងពត៌មានសម្ងាត់បង្កើតយន្តការរួមគ្នាលើការទប់ស្កាត់ និងបង្ក្រាបអំពើ រត់គេចពន្ធនិងបទល្មើសឆ្លងដែនសហការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។ ទន្ទឹមនេះ រដ្ឋបាលគយចិននឹងផ្តល់វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រី​គយកម្ពុជា ហើយគយកម្ពុជាត្រៀមខ្លួនចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត​គំនិតផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ (BRI) ដើម្បីបង្កើតយន្តការសហប្រតិបត្តការគយក្រោមក្របខ័ណ្ឌ ឡាន​ឆាង-មេគង្គ។ រដ្ឋបាលគយចិននឹងរៀបចំសេចក្ដីព្រាង TOR ហើយរដ្ឋបាលគយកម្ពុជា​គាំទ្រ​គំនិតផ្ដួចផ្ដើមនេះ និងត្រៀមខ្លួនផ្ដល់ធាតុចូលលើ TOR នោះ រដ្ឋបាលគយទាំងពីរ នឹងបន្ត​ចូលរួមយ៉ាងសកម្មក្នុងក្នុងគម្រោង “ប្រតិបត្តិការរួមគ្នា” (Joint Operations) ដែលរៀបចំឡើង​ដោយអង្គការគយពិភពលោក​ (WCO) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងការ​ពង្រឹង​សន្តិសុខក្នុងតំបន់ និងសកលលោកជាដើម ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសារៈសំខាន់នៃកិច្ចប្រជុំទ្វេភាគីនេះ ដែលបានរៀប​ចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនទំនាក់ទំនងកាន់តែជិតស្និទលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ហើយរដ្ឋបាលគយនៃប្រទេសទាំងពីរមានតួនាទី និងភារកិច្ចក្នុងការ​អនុវត្ត​គោលនយោបាយនិងកិច្ចព្រមព្រៀងសហប្រតិបត្តការនានា ជាពិសេសពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង