កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី

វិទ្យុជាតិកម្ពុជា​៖

កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត​នៅ​អា​​ស៊ី (CICA) បានប្រារព្វពិធីបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី១៥មិថុនា នៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៩ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួន​ទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធាន​ការ​កសាងទំនុក​ចិត្ត​នៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បី​សន្តិសុខ និងវិបុល​ភាព នៃតំបន់ CICA។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បាន​បញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និង​និយាម និងគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើក​កម្ពស់​គោលដៅ និងគោល​ការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍​ណែនាំ ក្នុងទំនាក់​ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និង​ច្បាប់​អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅ​ចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះនោះរួមមាន​បន្ត​គាំទ្រដល់ដំណើរការរបស់CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិ​បតេយ្យ​ភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិ​សហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។ គាំទ្រដំណើរការ​បន្តកំណែទំរង់ នៃប្រព័ន្ធអង្គការ​សហប្រជាជាតិ ដែលមានគោលបំណងជំរុញសមត្ថភាព​ដោះ​ស្រាយ បញ្ហាប្រឈមជាសារវ័ន្ត ក្នុងពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំង​អស់ ក៏បានបង្ហាញពីការព្រួយបារម្ភ​យ៉ាងខ្លាំង លើការគំរាមកំហែងសន្តិសុខ បង្កឡើងដោយ​អំពើ​ភេរវកម្ម និងអំពើជ្រុលនិយមគ្រប់​ទំរង់ និងគ្រប់រូបភាពទាំងអស់ ពិសេសផ្កោលទោស​ដោយ​ ឥតលក្ខខណ្ឌចំពោះការវាយប្រហារ ភេរវកម្មនៅទូទាំងពិភពលោក រួមទាំងការវាយប្រហារ​បណ្តាប្រទេសតំបន់ CICA។ មេដឹកនាំ​ទាំងអស់ បានសង្កត់ធ្ងន់ថា រាលទង្វើភេរវកម្មគឺមិន​អាច​លើក​លែងបានឡើយ ទោះពេលណា កន្លែងណា និងដោយនណាក៏ដោយ។ មេដឹកនាំទាំងអស់ ក៏បានសំដែងនូវការជឿជាក់ក្នុងការធ្វើការ ជាមួយគ្នា នៅក្នុងវិស័យមិនរីកសាយភាយ​អាវុធនុយ​ក្លេ​អ៊ែរ ការរំសាយសព្វាវុធ និងការគ្រប់​គ្រងអាវុធ ព្រមទាំងការសហការជាមួយដៃគូទាំងអស់ ក្នុងការចូលរួមចំណែកថែរក្សាសុវត្តិភាព និងសន្តិសុខពិភពលោកឲ្យកាន់តែប្រសើរឡើង​ថែម​ទៀត​។ មេដឹកនាំទាំងអស់ ក៏បានជឿជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និង​ចីរភាព វិបុលភាព ក៏ដូចជាការលុបបំបាត់ នូវអនក្ខរភាព និងភាពក្រីក្រ​ ក្នុងចំណោម​វិធាន​ការ​ ដ៏មានប្រសិទ្ធភាពបំផុតនោះ គឺជាការលុប​បំបាត់ នូវមូលដ្ឋានដែលបង្កើតឲ្យមានអំពើភេរវកម្ម និងអំពើជ្រុលនិយម។ ជាមួយគ្នានេះ បណ្តាមេដឹកនាំនៃប្រទេសទាំងអស់ របស់CICA បានទទួល​ស្គាល់ពីសារសំខាន់ នៃភាពជាដៃគូ​សកល ក្នុងការប្រមូលធនធានហិរញ្ញវត្ថុ និងវិនិយោគ ដើម្បី​ឈានទៅសំរេចបាន នូវគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព។ បង្កើនការដាក់ពង្រាយ និង​ប្រើប្រាស់បច្ចេកវិទ្យាទំនើប កាត់បន្ថយចំហេះកំរិតទាបលើហ្វូស៊ីលឥន្រ្ទនះ ថាមពលកកើតឡើង​វិញ និងការបង្កើនប្រសិទ្ធភាព​ថាមពល គឺមានសារសំខាន់ក្នុងការដោះស្រាយបម្រែបម្រួល​អា​កាសធាតុ និងការធ្វើឲ្យសម្រេច​បាន នូវគោលដៅទី៧ គោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរ​ភាព (SDG7)។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅ នូវគំនិតផ្តួចផ្តើមរបស់រដ្ឋ​ជាសមាជិកទាំងអស់ ក្នុងការ​ជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងភូមិសាស្រ្តរបស់ CICA ក្នុងកម្រិតទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ មេដឹកនាំ​ទាំងអស់ បានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់​ កិច្ចសហ​ប្រតិបត្តិការរួម ធានានូវភាពងាយស្រួល និងកាសរគ្រប់គ្រងទឹក និងអនាម័យប្រកបដោយ​ចីរ​ភាព ដើម្បីឈានទៅសម្រេចគោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំកំពូល​នោះ​ដែរ មេដឹកនាំទាំងអស់បានធ្វើការពិភាក្សាគ្នា ផ្តោតសារសំខាន់នៃសេដ្ឋកិច្ចពិភពលោក​បើក​ចំហ ការតភ្ជាប់ប្រទេស និងប្រជាជនទាំងអស់ ក្នុងការចែករំលែកផលប្រយោជន៍ នៃសកល​ភាវូបនីយកម្ម​ដែលនឹងត្រូវតែប្តេជ្ញាយ៉ាងមោះមុត ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្តោតលើ​គោលការណ៍ច្បាប់ តម្លាភាព គ្មានការរើសអើង ប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយ​បរិយា​ប័ន្ន និងបើកចំហ ដោយផ្អែកលើ WTO ជាស្នូល។ មេដឹកនាំទាំងអស់ ក៏បានសង្កត់ធ្ងន់ពីកិច្ច​ខិតខំ​ប្រឹងប្រែងរួម ដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ ជាពិសេសប្រព័ន្ធឡូជីស្ទីក និងដឹកជញ្ជូន ដែល​ត្រូវបានធ្វើសមាហរណកម្ម និងការប្រកួតប្រជែង និងជួយសម្រេចបាននូវ ការប្រើប្រាស់កាលា​នុវត្ត​ភាព ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព រវាងរដ្ឋសមាជិក និងពន្លឿនកិច្ចសហប្រតិបត្តិការ​ឆ្លងកាត់និងដឹកជញ្ជូនក្នុងតំបន់ និងអន្តរជាតិ។ មេដឹក​នាំទាំងអស់ ក៏បានចាត់ទុកពិពិធកម្ម​វប្បធម៌​ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ CICA ដោយថា ពិពិធកម្មនេះ រួមជាមួយនឹងបេតិកភណ្ឌ​វប្ប​ធម៌ គឺជាទ្រព្យមួយដែលត្រូវបានទ្រទ្រង់ ដោយ​មនុស្សទាំងអស់គ្នា ពោលវាគឺជាកត្តានៃការនាំមក​នូវសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិទាំងអស់។ នៅក្នុងសេចក្តីប្រកាសរួមមេដឹកនាំទាំង​អស់ ក៏បានបានឯកភាពក្នុងការស្វែងយល់ ពីលទ្ធភាពនៃការបង្កើតព្រឹត្តិការណ៍ CICA សមស្រប​សម្រាប់អ្នកតំណាងរាស្រ្ត សាកលវិទ្យាល័យ បណ្ឌិតសភា វិទ្យាស្ថានស្រាវជ្រាវ អ្នកបង្កើតអាជីវ​កម្ម យុវជន សិល្បះករ ក្រុមវប្បធម៌ វិទ្យាស្ថានបណ្ណាសារ សាលារៀន បណ្ណាល័យ និង​សហ​គមន៍ប្រព័ន្ធផ្សព្វផ្សាយ ពិសេសសង្កត់ធ្ងន់លើតម្រូវការ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួម​ទាំងការធ្វើឲ្យរស់ឡើងវិញនូវ ប្រពៃណី ទំនៀមទម្លាប់ចាស់ៗជាច្រើន តាមផ្លូវជំនួញសូត្រ​បុរាណ​ដែលបានប្រើប្រាស់ក្នុងការតភ្ជាប់ និង សម្របសម្រួលការពង្រឹងទំនាក់ទំនង​រវាង​ប្រជាជន និងប្រជាជន។ ជាមួយគ្នានេះនៅក្នុងសេចក្តី​ប្រកាស​នោះដែរ មេដឹកនាំទាំងអស់បានបញ្ជាក់ពី​សារសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងទំនាក់តំនងខាងក្រៅរបស់ CICA និងអង្គការ វេទិកាអន្តរជាតិ និងវេទិកាផ្សេងៗទៀត ពិសេសបានស្វាគមន៍ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង របស់បណ្តាប្រទេសសម្របសម្រួល និងសហសម្របសម្រួល ដើម្បីលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ នៅក្នុងផ្នែកផ្សេងៗ នៃវិធានការ កសាងទំនុកចិត្ត។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន មេដឹកនាំទាំងអស់បានស្វាគមន៍ចំពោះ សាធា​រណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្ការ ដែល​បានចូលជាសមាជិកថ្មីរបស់CICA។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានឯកភាពរៀបចំ​កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេសCICAលើកទី៦ និងកិច្ច​ប្រជុំកំពូលCICAលើកទី៦ នៅឆ្នាំ២០២២៕