ក្រសួងការងារ ជំរុញឲ្យយុវជនចាប់យកការសិក្សាជំនាញចំនួន៣ដើម្បីឆ្លើយតបទៅទីផ្សារការងារក្នុងសម័យឌីជីថល

វិទ្យុជាតិកម្ពុជា អត្ថបទដោយ ៖លោក ជួន បូណា ៖


មន្ដ្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យយុវជនចាប់យកការសិក្សាជំនាញ ចំនួន៣ មានដូចជា បច្ចេកទេស ឥរិយាបថ ជីវិតនិងអាជីព ដើម្បីឆ្លើយតបជាមួយទីផ្សារការងារក្នុងសម័យឌីជីថលនាពេលបច្ចុប្បន្ន។


ក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ក្រោមប្រធានបទ “TVET អាចធ្វើបាន” នាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅពិព័រណ៍កោះពេជ្រ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ចនិងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទដែលខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និងពិភពការងារ មានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ កម្លាំងពលកម្មទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីរត់ដេញតាមហើយអ្នកដែលអាចឈានទៅទទួលបានជោគជ័យ គឺអ្នកដែលផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់ក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្មីៗដែលកំពុងលេចរូបរាងឡើង និងអនុវត្តការសិក្សាពេញមួយជីវិតដើម្បីឈានទៅចាប់យក និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងជំនាញចាំបាច់ ជាបន្តបន្ទាប់ឥតដាច់ ដើម្បីអាចឆ្លើយតបទាន់ការប្រែប្រួលដ៏ឆាប់រហ័សនៅក្នុងទីផ្សារការងារ។


ឯកឧត្តមបន្ដថា បច្ចុប្បន្ននេះសង្កេតឃើញមានការផ្លាស់ប្តូរដែលបណ្តាលមកពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដូចជាការផ្តល់សេវារថយន្តតាក់ស៊ី សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ ឬការកក់សណ្ឋាគារនិងសំបុត្រយន្តហោះជាដើម។
កត្តានេះនាំឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ការងារ ព្រមទាំងការបង្វែទុនវិនិយោគត្រឡប់ទៅប្រទេសអភិវឌ្ឍដែលជាប្រភពដើមនៃទុនវិញ ដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្ម រ៉ូបូត និងបញ្ញានិម្មិតជំនួសឱ្យកម្លាំងពលកម្ម និងបញ្ញាមនុស្ស។
ឯកឧត្តមបានបន្ថែមថា មានការងារខ្លះ នឹងត្រូវបានបំផ្លាញនិងបាត់បង់ ពេលដែលក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាថ្មីទាំងនេះមកប្រើប្រាស់ជាបន្តបន្ទាប់ ក៏ប៉ុន្តែបច្ចេកវិទ្យាថ្មីទាំងនេះ ក៏នឹងចូលរួមចំណែកផងដែរក្នុងការបង្កើតការងារថ្មីៗកាន់តែល្អ មានផលិតភាព និងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ដូចដែលបានបង្ហាញឱ្យឃើញនៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តន៍ឧស្សាហ៍កម្មនានាក្នុងពេលកន្លងមក៕