រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតំាងឲ្យមានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសតាជីគីស្ថាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតំាងឲ្យមានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសតាជីគីស្ថានដើម្បីបង្កើនការរឹតចំណងមិត្តភាពនិងផ្តល់ភាពងាយស្រួលនៃប្រទេសទំាង២។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអៈអាងថា សម្តេចនឹងតែងតាំងឯកអគ្គរាជទូតកម្ពុជានៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីមកកាន់ប្រទេសតាជីគីស្ថាន។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគួសមជាមួយឯកឧត្ដម អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាននៅថ្ងៃទី១៥ ខែមិថុនានេះ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាជីគីស្ថានដែលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអៈអាងថា ការតែតំាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតាជីគីស្ថាននេះដោយសារតែប្រទេសទំាងបានចុះហត្ថលេខាក្នុងការកសាងទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥មកតែរហូតមកដល់ពេលនេះពុំមានកិច្ចសហប្រតិបត្តិការអ្វីជាដុំកំភួន អ្វីឡើយ ដូច្នេះការដាក់ទូតប្រចាំប្រទេសទំាងសងខាងគឺជាសញ្ញាណវិជ្ជមានដ៏ល្អដើម្បី ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតល្មួតឡើង។
ឯកឧត្ដម អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថានបានបញ្ជាក់ពីគោលបំណងចង់ពង្រីកសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យនិងបានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ក្នុងការតែងតាំង ឯកអគ្គរដ្ឋទូតនៃប្រទេសផ្សេងនៅជិតនេះមកកាន់ប្រទេសតាជីគីស្ថាន។
សូមបញ្ជាក់ថា ការប្រកាសតែងតែឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតាជីគីស្ថានគឺជា គំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការពង្រីកចំណងមិត្តភាពជាមួយប្រទេសតាជីគីស្ថាន បន្ទាប់ពី ប្រទសទំាង២បានភ្ជាប់ទំនាក់ទំនងការទូតតំាងពីឆ្នាំ១៩៩៥មក៕