សម្ដេចតេជោហ៊ុន សែន អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានា ធិបតីហុងគ្រី

វិទ្យុជាតិកម្ពុជា​៖​

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសន និងពិភាក្សាការងារជាមួយឯកឧត្ដម យ៉ាណូស អាឌែរ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី។


ក្នុងជំនួបនោះ ឯកឧត្ដមប្រធានាធិបតីហុងគ្រីបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយឯកឧត្ដមបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ គឺជាការពង្រឹងទំនាក់ទំនង សាមគ្គីភាពរវាងប្រទេសហុងគ្រី និងប្រទេសកម្ពុជា។ ឯកឧត្ដមប្រធានាធិបតី ហុងគ្រី ក៏បានមានប្រសាសន៍អរគុណដែលប្រទេសយើងទាំងពីរមានចុះនូវកិច្ចព្រមព្រៀងលើកឯកសារសំខាន់ជាមួយគ្នានេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដែលសម្តេចបានជួបជាមួយប្រធានា ធិបតី ហុងគ្រីនាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីធ្លាប់មានទំនាក់ទំនងគ្នា ក៏ប៉ុន្តែត្រូវបានកាត់ផ្ដាច់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។ តាមរយៈដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីនេះ ដែលពេលនេះសម្តេចតេជោបានឃើញពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។ សម្តេចតេជោតេជោ បានគូសបញ្ជាក់ថាប្រទេសហុងគ្រីធ្លាប់បានជួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ ក្នុងគ្រាដែលកម្ពុជាការលំបាកដែលពេលនោះសម្ដេចនៅជារដ្ឋមន្ត្រីការបរទេសវ័យក្មេងក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសហុងគ្រី។ ឥឡូវនេះ យើងនឹងបង្កើតស្ថានទូតនៃប្រទេសទាំងពីរ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការចុះហត្ថលេខាចំនួន៣នេះ ។ យើងបានឯកភាព និងសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា វិស័យវប្បធម៌ ទេសចរណ៍ វិស័យអប់រំ ហើយកន្លងមកប្រទេសហុងគ្រីក៏ធ្លាប់បានជួយបង្កើតមណ្ឌលក្មេងកំព្រានៅប្រទេសកម្ពុជាផងដែរ។
ឯកឧត្ដមប្រធានាធិបតីបានមានប្រសាសន៍ថា ប្រទេសហុងគ្រី បានគាំទ្រប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅពេលខាងមុខនេះ។ មិនតែប៉ុណ្ណោះឯកឧត្ដមក៏បានគាំទ្រកម្ពុជាពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបផ្តល់ភាពយុត្តិធម៌ចំពោះកម្ពុជា។ ឯកឧត្ដមប្រធានាធិបតីហុងគ្រីក៏ បានអរគុណសម្តេចតេជោក្នុងដំណើរទស្សនកិច្ចនេះ ហើយក៏បានថ្វាយព្រះពរ និងផ្តាំសួរសុខទុក្ខតាមរយៈសម្តេចតេជោ ហ៊ុន សែន ដល់ព្រះមហាក្សត្រកម្ពុជាផងដែរ។
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានយល់ស្របទៅនឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាការបម្រែបម្រួលអាកាសធាតុ ជាពិសេសការគ្រប់គ្រងនៃធនធានធម្មជាតិដែលជាបញ្ហានៃប្រទេសទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីការការរស់នៅរបស់ប្រជាជន៕