ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត ដែលអង្គបោះឆ្នោតគាំទ្រក្នុងការបោះឆ្នោតអាណត្តិទី៣ ប្រកបដោយចីរភាពក្នុងការចូលរួមចំ ណែកអភិវឌ្ឍន៍ខេត្ត ។ ក្រុមប្រឹក្សាខេត្តជាអំណាចនីតិប្រតិបត្តិនៅមូលដ្ឋាន ក្នុងការបំពេញភារកិច្ចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយស្មើភាព និងយុត្តិធម៌ ។ ថ្ងៃនេះចាត់ទុកជាការបើកទំព័រថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ដើម្បីបង្កើនសមត្ថភាព ដែលប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៧ភាគរយ ក្នុងរយ:ពេល ២០ឆ្នាំចុងក្រោយនេះ យើងនឹងបន្តរក្សាកំណើនសេដ្ឋកិច្ចបន្តទៀត ។ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ចយ៉ាងគំហុក ហើយសង្ឃឹមថា សមាជិកក្រុមប្រឹក្សាខេត្តជាតំណាងឱ្យប្រជាពលរដ្ឋ និងស្រូបយកកង្វល់របស់ប្រជាពលរដ្ឋ យកមកដោះស្រាយប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាល បានកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចធំជាងគេក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ តាមយុទ្ធសាស្ត្រ ទី១- បង្កើនកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយ ។ ទី២- បង្កើនការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយផងដែរ ដូចជា ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ទឹកស្អាត ផ្លូវថ្នល់ ធានាគុណភាព ។

ឯកឧត្តម សាយ សំអាល់ ក៏បានសំណូមពរដល់កងកម្លាំងសមត្ថកិច្ច រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ ធានាសន្តិសុខដល់ជនបរទេស ពង្រីងលើកកម្ពស់សេវាសាធារណៈផ្តល់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ដោយប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តអន្តរជាតិ នាទិសនិរតី ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្តអាណត្តិទី៣ មានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្កាប់ទទួលស្គាល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តព្រះសីហនុ ចំនួន ១៩រូប សម្រាប់ប្រតិបត្តិការងារក្នុងអាណត្តិទី៣ ។ ព្រមទាំងបានធ្វើការប្ដេជ្ញាចិត្តថា ទី១-ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តព្រះសីហនុ ប្រកបដោយ ភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទ    ដ្ឋានជាធរមាន អនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោ ណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដោយលើកកម្ពស់ប្រសិទ្ធភាពក្នុងការរៀបចំ និងអនុវត្តន៍សេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ ។ ២-ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្តធ្វើឱ្យរដ្ឋបាលនេះ អាចម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន ហើយមានសមត្ថភាពសម្របសម្រួលប្រកបដោយប្រសិទ្ធភាព នូវសកម្មភាព នៃការផ្ដល់សេវាកម្ម និងការអភិវឌ្ឍផ្សេងៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ។ ៣-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរ ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយ កម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាលសំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរឹងមាំដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

ដោយ ងូ សុមុនី