សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរៀបចំពិធីចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្រត្រីនរោត្តម មុនិនាថសីហនុ

AKP កំពង់ធំ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធីចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងព្រះជន្មគម្រប់៨៣យាងចូល៨៤ព្រះវស្សា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិសយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ ៣០០នាក់។

ឯកឧត្តម សុខ លូ បានអានលិខិតថ្វាយព្រះពរថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយបានសម្ដែងនូវស្វាមីភ័ក្ត្រដ៏កក់ក្ដៅបំផុតដង្ហែតាមនូវព្រះរាជគំរូមនុស្សធម៌របស់អង្គសម្ដេចម៉ែ អង្គព្រះករុណា ព្រះមហាក្សត្រកំពុងធ្វើឱ្យកាកបាទក្រហមកម្ពុជាទទួលបាននូវការគាំទ្រ មានជំនឿទុកចិត្តក្នុងការប្រមូលកម្លាំងមនុស្សធម៌ ការកៀរគរ រកមូលនិធិពង្រឹងសមាជិកភាព ការចូលរួមពីគ្រប់មជ្ឃដ្ឋានជាតិ អន្តរជាតិធ្វើឱ្យកាកបាទក្រហមកម្ពុជាបំពេញបាននូវតួនាទី ជាក្ដីសង្ឃឹមរបស់ជនរងគ្រោះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ក្នុងសាលិខិតថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមប្រោសប្រទានពរជ័យមហាប្រសើរថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរអស់កាលជាយូរអង្វែងតរៀងទៅ ៕

ដោយ ស៊ុម វណ្ណា