ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញប្រកាសក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣

AKP រតនគិរី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ —  នៅសាលាខេត្តរតនគិរី ព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣។

ក្នុងពិធីប្រកាសក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ ដែលមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តចំនួន ១៩រូបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្តមន្ទីរ កងកម្លាំងប្រដាប់អាវុធ អង្គភាពជុំវិញខេត្ត ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តរតនគិរីមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ រួមនឹងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដោយធានាបានយ៉ាងល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏បានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្ត រតនគិរីចំនួន១៩រូប ក្នុងអាណត្តិទី៣ ក្នុងនោះឯកឧត្តម ណាប់ ប៊ុនហេង ជាប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ដោយឡែក ១៨រូបជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអបអរសាទរចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បីបង្កើតក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅ មកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ។ ការបោះឆ្នោតនេះបានពង្រឹង និង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែន នៃវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរមុខងារ អំណាច ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងលើកកម្ពស់ការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តមបានជំរុញឱ្យក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលស្របតាម គោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តបានកំណត់ ។ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ។  ត្រូវយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួន ដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ សម្រាប់ខេត្ត បន្តចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ៕

ដោយ សោម ឫទ្ធី