ឯកឧត្ដម ឃួង ស្រេង អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអាណត្តិទី៣

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌព្រែកព្នៅ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធរខណ្ឌ,សង្កាត់ត្រូវបន្ដរៀបចំវេទិកាសាធារណៈឱ្យបានគ្រប់ខណ្ឌ សង្កាត់នៅទូទាំងរាជធនីភ្នំពេញ ដើម្បីប្រមូលបញ្ហា និងធ្វើការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ។ ការរៀបចំវេទិកាសាធារណៈ គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយបានដឹងពីតម្រូវការជាក់ស្ដែង ថ្មីៗ របស់់ប្រជាពលរដ្ឋដែលចង់ឱ្យអាជ្ញាធរជួយដោះស្រាយ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យក្រុប្រឹក្សាខណ្ឌព្រែកព្នៅ ដែលទើបតែងតំាងថ្មីត្រូវពង្រឹងសាមគ្គីភាព  ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណ:អភិបាលមន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។

ឯកឧត្ដម បានបន្តថា ការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរ។

លោក ម៉ៅ បូរ៉ា ក្នុងនាមជាប្រធានក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ និងតំណាងឱ្យក្រុមប្រឹក្សាខណ្ឌទាំងអស់ បានប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ខិតខំពង្រឹងរដ្ឋបាល ក្នុងការគ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ លោកម៉ៅ បូរ៉ាត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ មានសមាជិក សមាជិកាចំនួន១៧រូប ៕

ដោយ សួស សំរិត