ក្រុមមន្រ្តីជំនាញ ផ្សព្វផ្សាយអប់រំ ដល់យុវជនឲ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត ៖


ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតែងតែយកចិត្តទុកដាក់គិតគូរដល់សុខភាពប្រជាពលរដ្ឋទូទៅពិសេសអនាគតយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីបន្តវេនរបស់ប្រទេសជាតិ ។ ធ្វើយ៉ាងណាកុំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវយកពេលវេលា ខិតខំរៀនសូត្រយកចំណេះដឹង ជួយអភិវឌ្ឍន៍មូលដ្ឋាន ឲ្យបានរីកចម្រើនបន្ថែមទៀត។


ក្នុងឱកាសចូលរួមពិធីផ្សព្វផ្សាយអប់រំស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ស្រែពោធិ៍ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៩ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា សិក្សានុសិស្ស គឺជាមុខសញ្ញាងាយរងគ្រោះ ហើយងាយនឹងទទួលរងពីការបោកបញ្ឆោតពីឈ្មួញទុច្ចរឹតអូសទាញឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន បាត់បងអនាគត ដូចនេះ ក្មួយៗត្រូវខិតខំស្តាប់ស្វែងយល់យកបទពិសោធន៍នៃវគ្គនេះដើម្បីជាទុនសម្រាប់ការពារខ្លួនឯង និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ កុំឲ្យក្លាយខ្លួនទាសករគ្រឿងញៀន និងការពារជិវិតបានពីគ្រោះថ្នាក់ចរាចរណ៍។


លោកស្រី ឆាយ គីមសុទ្ធាវី ប្រធាននាយកដ្ឋាន សុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ដល់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានសហការគាំទ្រ ទាំងសម្ភារ: និងបច្ចេកទេស ដើម្បីជួយលើកកម្ពស់សុខភាព និងធនធានមនុស្សនៅកម្ពុជា ពិសេសបុគ្គលិកអប់រំ និងសិក្សានុសិស្ស ឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ដែលមានចែងក្នុងគោលនយោបាយទី៥ស្តីពីការលើកកម្ពស់បរិស្ថាន សិក្សាប្រកបដោយសុវត្ថិភាព បរិយាប័ន្ន ផាសុខភាព និងមេត្រីភាពជំរុញការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ជំងឺអេដស៍ និងសុវត្ថិភាព ចរាចរណ៍ ជាដើម។
លោក យស់ ម៉ាច អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ក៏បានអរគុណ ដល់ថ្នាក់ជាតិដែលបានបង្កើតឲ្យមានកម្មវិធីផ្សព្វផ្សាយនេះឡើង ស្របពេលដែលខេត្តកំពុងតែខិតខំផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាផ្សេងៗ ក្នុងនោះបញ្ហាគ្រោះថ្នាក់គ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ជាបញ្ហាចម្បង៕