ក្រសួងសាធារណការបង្ហាញប្រព័ន្ធបច្ចេកវិទ្យាMobile App ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក

វិទ្យុជាតិដោយ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩៖

 ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញប្រព័ន្ធបច្ចេកវិទ្យាMobile App ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្ស និស្សិត ក៏ដូចជាអ្នកបើកបររថយន្ត បានស្វែងយល់ពីទ្រឹស្តីនៃការបើកបរពិតប្រាកដ ដែលឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ។


ថ្លែងក្នុងកម្មវិធីដាក់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យា Mobile App របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិព័រណ៍ការងារជាលើកទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ប៉ុន សុគន្ឋារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការដាក់តាំងបង្ហាញនេះ ដើម្បីចែករំលែកចំណេះដឹងឲ្យទូលំទូលាយ ដល់សិស្ស-និស្សិតបានស្វែងយល់កាន់តែច្បាស់ក្នុងការបើកបរតាមដងផ្លូវ សំដៅជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យធ្លាក់មកនៅទាបបំផុត ។
លោកស្រីបានបន្តថា ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមានដូចជា ៖ កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ដែលអាចឱ្យអ្នកប្រើប្រាស់យល់ដឹងពីសុវត្ថិភាព ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងទ្រឹស្តីក្នុងការប្រឡងយកបណ្ណបើកបរ, កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ) ដែលអាចឱ្យអ្នកប្រើប្រាស់រាយការណ៍ពីគ្រលុកសំបុកមាន់ មកកាន់មន្រ្តីមានសមត្ថកិច្ច ដើម្បីចុះធ្វើការជួសជុលបានទាន់ពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកម្មវិធីព័ត៌មានសាធារណការ និងដឹកជញ្ជូន (MPWT News) ដែលអាចចែករំលែកដល់អ្នកប្រើប្រាស់ ពីព័ត៌មានក្នុងវិស័យសាធារណការ និង វិស័យដឹកជញ្ជូន របស់ក្រសួងដែលចុះផ្សាយនៅតាមបណ្តាញសារព័ត៌មាន នានា ។
លោក ហ៊ន គឹមហាន មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានរៀបចំកម្មវិធីសម្រាប់ប្រើប្រាស់នៅលើទូរសព័្ទដៃដើម្បីឲ្យប្រជាពលរដ្ឋស្វែងយល់ពីការបើកបរ និងច្បាប់ចរាចរណ៍កាន់តែច្បាស់ ។
លោកបន្តថា សម្រាប់កម្មវិធីថែទាំផ្លូវនេះវាមិនខុសពីកម្មវិធីយល់ដឹងពីច្បាប់ចរាចរណ៍ទេដោយសារប្រើតិចណូឡូជីថ្មី យើងត្រូវការសិក្សាវាទាំងយប់ទាំងថ្ងៃ មុននិងដាក់ឲ្យដំណើរការ ដោយអត់ប្រើOut Soft មកពីខាងក្រៅទេ និងធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលមែនទែន ។
សូមបញ្ជាក់ថា ការដាក់តាំងបង្ហាញស្តង់ពិព័រណ៍របស់ក្រសួង ក៏មានការលេងល្បែងកំសាន្តឆ្លើយសំណួរ យករង្វាន់មួកសុវត្ថិភាពចំនួន២០០មួកផងដែរ ៕