រដ្ឋមន្រ្តីព័ត៌មានចំនួនពីរប្រទេសរួមជាមួយអ្នកសារព័ត៌មានអន្តរជាតិប្រមាណជិត៣០០នាក់បានទៅឈ្វេងយល់ពីប្រាសាទបុរាណខែ្មរ

AKP សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីព័ត៌មានចំនួនពីរប្រទេស រួមមាន ប្រទេសបង់ក្លាដែស ប្រទេសមីយ៉ាន់ម៉ា រួមជាមួយគណៈប្រតិភូអ្នកសារព័ត៌មានអន្តរជាតិប្រមាណជិត ៣០០នាក់ មកពីជាង ៤០ប្រទេស នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានទៅទស្សនានិងសិក្សាឈ្វេងយល់ពីប្រាសាទបុរាណខ្មែរ បន្ទាប់ពីពួកគេបានចូលរួមសន្និសីទកំពូលអាស៊ីលើកទី១៦នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

ឯក​ឧត្តម Lealailepule Rimoni Aiafi អនុរដ្ឋមន្រ្តី​ព័ត៌មាននៃប្រទេស Samoa ដែលបានចូលរួមទស្សនាប្រាសាទអង្គវត្តនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានកោតស្ងប់ស្ញែងពីភាពអស្ចារ្យ នៃស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានកសាងប្រាង្គប្រាសាទជាច្រើនបង្កប់នូវរចនាបថ ស្ថាបត្យកម្ម និងគំនូរសិល្បៈដ៏ល្អឯក។ ឯក​ឧត្តមបាន​និយាយដោយក្តីរំភើបថា ពេលឃើញប្រាសាទអង្គរវត្ត​ មិននឹកស្មានថាមនុស្សយើងពូកែដល់ថ្នាក់នេះសោះ ជាពិសេសបុព្វបុរសខ្មែរ។ ឯក​ឧត្តមបានសន្យាថា នឹងជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅកាន់ប្រជាជននៅប្រទេសរបស់លោក និងពិភពលោកឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនកិច្ចសន្និសីទកំពូលអាស៊ីលើកទី១៦ថា ការសម្រេចឱ្យអ្នកសារព័ត៌មានអន្តរជាតិ មកទប្រាសាទអង្គរ ទឹកដីខេត្តសៀមរាបនេះ ដើម្បីបង្ហាញពីសម្បត្តិវប្បធម៌ ទេសចរណ៍ របស់កម្ពុជា ហើយសង្ឃឹមថា អ្នកទាំងអស់នោះនឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាថែមទៀតទៅកាន់ប្រទេសរបស់របស់ពួកគេ និងនៅលើពិភពលោក។

ឯកឧត្តមបន្តថា បន្ទាប់ពីទស្សនាអង្គវត្តរួច នៅរសៀលថ្ងៃដដែលនេះ គណៈប្រតិភូនឹងទៅទស្សនាសារមន្ទីរមីន ដើម្បីអ្នកទាំងអស់នោះបានដឹង ពីការលំបាករបស់កម្ពុជាហើយឈ្វេងយល់បន្ថែមពីប្រវត្តិសង្រ្គាម និងការអភិវឌ្ឍរីកចម្រើន បានដឹងពីតម្លៃ ឬទម្ងន់នៃសង្គ្រាម និងការអភិវឌ្ឍប្រទេសកម្ពុជា ក្រោយពីសង្គ្រាមរហូតដល់មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ៕

ដោយ ឃុត សៅ