រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលអន្តរកូរ៉េជាបន្ត

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងលោក គីម យ៉ុន ជុល ( Kim Yeon-Chul  ) អ្នកធ្វើនយោបាយកំពូលរបស់ប្រទេសនេះ ទទួលខុសត្រូវកិច្ចការអន្តរកូរ៉េកាលពីថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលជាបន្តទៅទៀតរវាងកូរ៉េទាំងពីរ នៅពេលមានការគាំងដំណើរកិច្ចចរចាការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែររវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា  លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងវេទិកាមួយ ដែលកត់សម្គាល់ខួបលើកទី១៩ នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលមិនធ្លាប់មានជាលើកដំបូងធ្វើឡើងក្នុងក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០០០ រវាងប្រធានាធិបតីកូរ៉េខាងត្បូងពេលនោះ គឺ លោក គីម ដេជុង ( Kim Dae Jung  ) និងលោក គីម ជុងអ៊ីល ( Kim Jong Il )  មេដឹកនាំកូរ៉េខាងជើងនៅពេលនោះ​ ។

លោក គីម បាននិយាយថា កិច្ចប្រជុំកំពូលអន្តរកូរ៉េគួរតែបន្តទៅទៀត ដើម្បីធ្វើឱ្យមានការជឿនលឿនឡើងវិញការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងដំណើរការសន្តិភាពតាមរយៈការធ្វើកិច្ចប្រជុំដដែលៗ ប្រកប ដោយគុណធម៌រវាងកូរ៉េទាំងពីរ , រវាងកូរ៉េខាងជើង និង ស.រ.អា ហើយនឹងរវាងកូរ៉េខាងត្បូង និង ស.រ.អា ។

ការកត់សម្គាល់របស់លោកធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា អ៊ីន ( Moon Jae in ) បានសម្តែងសេចក្តីសង្ឃឹមរបស់លោក ដើម្បីជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន មុនទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្រុងសេអ៊ូល នៅដំណាច់ខែនេះ  ។

តាមក្រសួងការបរទេសអាម៉េរិកឱ្យដឹងថា លោក ត្រាំ បានគ្រោងធ្វើទស្សនកិច្ចប្រទេសជប៉ុន និង      កូរ៉េខាងត្បូងនៅចុងខែនេះ ដើម្បីធ្វើការពិភាក្សាគ្នាពីការធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរ  ។

កិច្ចចរចាធ្វើមិនឱ្យមាននុយក្លេអ៊ែររវាងក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីងតោនបានគាំងដំណើរចាប់តាំងពីកិច្ចប្រជុំកំពូល គីម -ត្រាំ លើកទី​២បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នាណាមួយកាលពីចុងខែកុម្ភៈ ក្នុងរដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )