មហាសន្និបាតទីភ្នាក់ងារសារព័ត៌មានពិភពលោកប្រារព្ធឡើងនៅប្រទេសប៊ុលហ្គារី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩​  — កាលពីថ្ងៃទី១៣ ខែមិថុនា មហាសន្និបាតទីភ្នាក់ងារសារព័ត៌មានពិភពលោកទី៦ (NAWC) បានធ្វើពិធីបើកនៅទីក្រុង Sofia ប្រទេសប៊ុលហ្គារី ដោយបានប្រមូលផ្តុំប្រតិភូជាង ២០០នាក់ មកពីបណ្តាប្រទេសជិត ១០០ នៅជុំវិញពិភពលោក។

អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក Le Quoc Minh បានចូលរួមនៅក្នុងសកម្មភាពនៃក្របខ័ណ្ឌមហាសន្និបាតនេះ។ ថ្លែងនៅពិធីបើកព្រឹត្តិការណ៍នេះ អគ្គនាយកទីភ្នាក់ងារព័ត៌មានប៊ុលហ្គារី (BTA) លោក Maxim Minchev បាននិយាយថា វិស័យសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះចុងក្រោយមួយនៃព័ត៌មានពិតប្រាកដ និងជាព័ត៌មានដែលត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។

លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ទីភ្នាក់ងារព័ត៌មាននៅទូទាំងពិភពលោក ដើម្បីបង្កើនការរួមបញ្ចូល ខណៈស្ថានភាពមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ លោកបាននិយាយថា កិច្ចពិភាក្សានៅក្នុងវេទិកានេះនឹងផ្តោតសំខាន់ទៅលើព័ត៌មានក្លែងក្លាយ ការស៊ើបអង្កេតសិប្បនិម្មិត គំរូថ្មីនៃភាពជាម្ចាស់នៃភ្នាក់ងារសារព័ត៌មាន និងប្រភពព័ត៌មានថ្មីៗ។ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បាននិយាយថា ឌីជីថលភាវូបនីយកម្មបានផ្លាស់ប្តូរ ទស្សនៈរបស់ពិភពលោករួចទៅហើយដោយសារតែព័ត៌មានមានប្រភពផ្គត់ផ្គង់ច្រើន ប៉ុន្តែការពិតវាគឺជាទំនិញខ្វះខាតបំផុត។

លោកបានព្រមានថា «បច្ចុប្បន្ននេះ ភាពពិតត្រូវបានលង់ទឹកស្លាប់ដោយសារព័ត៌មានក្លែងក្លាយ ខណៈដែលភាពលឿនត្រូវបានគេផ្តោតជាងភាពជឿជាក់។ ផលប៉ះពាល់បំផ្លិចបំផ្លាញនៃសារព័ត៌មានសព្វថ្ងៃនេះ មានសក្តានុពលខ្លាំងជាងគ្រាប់បែក និងគ្រាប់មីស៊ីលទៅទៀត»។

លោកប្រធានាធិបតីបានសរសើរដល់ក្រុមអ្នករៀបចំ និងគណៈប្រតិភូទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីៗ ដែលត្រូវទីភ្នាក់ងារសារព័ត៌មានកំពុងជួបប្រទះ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)