ឯកឧត្តម​ ស៊ុន ចាន់​ថុល អញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ១១កើត ​ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជាន់ខ្ពស់ក្រសួងចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឱ្យ​ក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឱ្យ​បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន និង​បានគូស​បញ្ជាក់អំ​ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យ​បានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើដល់ភាពងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅមកព្រមទាំងប្រកបអាជីកម្មផ្សេងៗផងដែរ។

ជាមួយគ្នានេះដែរ​ ឯកឧត្ដមបានមាន​ប្រសាសន៍​សង្កត់ធ្ងន់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហ​ “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”។​

ក្នុង​ពេលចុះ​ត្រួត​ពិនិត្យ​​ ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនទាន់ស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយឱ្យ​បានទាន់ពេលវេលា។

សូម​បញ្ជាក់ថា​ កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០គីឡូម៉ែត្រ ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញជាប្រភេទផ្លូវបេតុង កៅស៊ូ (AC)។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តន៍គម្រោងមានរយៈពេល ១៨ខែ និងថែទាំប្រចាំ     រយៈពេល ៣៦ខែ ចំណាយថវិកាប្រមាណ ១២,០៦១លានដុល្លារអាម៉េរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក(WB) ។ បច្ចុប្បន្នគម្រោងផ្លូវនេះអនុវត្តន៍ការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕​ ដោយ ទេស ច័ន្ទសុថារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​