អាជ្ញាធរឃុំតាំងដូង គ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានឲ្យកាន់ច្រើនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖អត្ថបទដោយ ជួន បូណា ៖

អាជ្ញាធរឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ គ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានឲ្យកាន់ច្រើនបន្ថែមទៀត ដើម្បីបំរើផលប្រយោជន៍ និងឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញ។


លោក ទីវ ហួន មេឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ មានប្រសាសន៍ប្រាប់វិទ្យុជាកម្ពុជាថា ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីឆ្នាំ២០១៨កន្លងមកទល់ពេលនានេះ ភូមិ-ឃុំ មានការរីកចំរើនគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវបេតុង ការអប់រំ សុខាភិបាល អនាម័យទឹកស្អាត ភ្លើងអគ្គិសនី និងវិស័យធារាសាស្រ្តជាដើម។


លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ ឃុំគ្រោងចំណាយថវិកាសាងសង់ផ្លូវបេតុងចំនួនជាង២ម៉ឺនដុល្លារ និងថិវការចំនួន២៥ម៉ឺនដុល្លារផ្សេងទៀត ដើម្បីស្ដាប្រឡាយ និងសាងសង់ផ្លូវលើប្រឡាយដែលជាថវិការបស់រាជរដ្ឋាភិបាល និងថវិកាបដិភាគរបស់ប្រជាពលរដ្ឋ។ លោក បន្ថែមថា គំរោងសាងសង់នេះ គឺដើម្បីបំរើរដល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងងាយស្រួលធ្វើដំណើរឆ្លងកាត់ មិនលំបាកដូចកាលពីមុនដែលមានផ្លូវបែកភក់ ជង្ហុក និងសំបុកមាន់ ។
លោក អ៊ីវ សុខ ប្រជាពលរដ្ឋរស់នៅ ឃុំតាំងដូង បានទទួលស្គាល់ថា ភូមិឃុំរបស់លោកពិតជាមានការរីកចំរើនគួអោយកត់សម្គាល់មែន តាមរយៈមានផ្លូវស្អាតធ្វើដំណើរបានស្រួល និងមានអគ្គិសនីទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏នៅមានផ្លូវខ្លះ មានការលំបាកធ្វើដំណើរ ប៉ុន្តែលោកសប្បាយរីករាយ ដែលអាជ្ញាធរឃុំ បន្តការសាងសង់ផ្លួវ និងប្រឡាយបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលសំរាប់ប្រជាពលរដ្ឋប្រើប្រាស់។
សូមបញ្ជាក់ថា ឃុំតាំងដូង មានចំនួន១០ភូមិ មានប្រជាពលរដ្ឋជាង១ពាន់គ្រួសារ និងប្រជាពលរដ្ឋសរុបជិត៦ពាន់នាក់៕