អភិបាលរាជធានីភ្នំពេញប្រកាសប្រមូលបញ្ហាប្រឈមនានាពីគ្រប់ខណ្ឌសង្កាត់ដើម្បីបង្កើនប្រសិទ្ធិភាពដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

 អភិបាលរាជធានីភ្នំពេញប្រកាសរៀបចំវេទិកាសាធារណៈឲ្យបានគ្រប់ខណ្ឌសង្កាត់នៅទូទំាង រាជធនីភ្នំពេញ ដើម្បីប្រមូលបញ្ហាសម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។


ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងសម្រេចបើកវេទិកាសាធារណៈភ្លាមៗ នៅ តំបន់សង្កាត់ខណ្ឌណាដែលមានបញ្ហាប្រឈមថ្មីៗកើតឡើងច្រើន ហើយបើកអោយប្រជាពលរដ្ឋចូល រួមដោយសេរីដោយពុំចាំបាច់មានលិខិតអញ្ជើញឡើយក្នុងការលើកពីទុក្ខកង្វល់ជាក់ស្ទែងរបស់ខ្លួនទៅកាន់អាជ្ញាធរ។


ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ អណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ដោយបានអៈអាងថា ការបើកវេទិកា សាធារណៈភ្លាមៗនៅតំបន់ដែលមានជួបញ្ហាប្រឈមដោយគ្មានការជូនដំណឹងទៅអាជ្ញាធរខណ្ឌ សង្កាត់ជាមុននេះ គឺដើម្បីចង់បានព័ត៌មាននិងទុក្ខកង្វល់ពិតពីប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទំាងនោះ ទៅដោះស្រាយឲ្យចំទិសដៅ។ ឯកឧត្តមបានចាត់ទុកការរៀបចំវេទិកាសាធារណៈគឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ ហើយបានដឹងពីតម្រូវការថ្មីៗ របស់់ប្រជាពលរដ្ឋដែលចង់អោយអាជ្ញាធរជួយដោះស្រាយ។


«វេទិកាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើគ្រប់ពេលវេលានៅពេលដែលដឹងថាកន្លែងណាមានបញ្ហាកើតឡើង ចឹងការប្រឈមចៅសង្កាត់ អភិបាលខណ្ឌត្រូវទទួលខុសត្រូវក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ខ្ញុំមិនប្រាប់ទីតំាងណាឬរើសមនុស្សពីឆ្ងាយទេគឺនៅទេ បើអោយរើសមនុស្សពី ឆ្ងាយមកយកតែអត់មានបញ្ហាមក យើងអត់បានព័ត៌មានពិត ទៅទីណាធ្វើនៅទីនោះ ប្រាប់តែ២ថ្ងៃមុន អត់បាច់លិខិតអញ្ជើញមានបញ្ហាអ្វីលើកឡើង នេះជាកិច្ចការមួយដែលតម្រង់ទិសបំរើប្រជាពលរដ្ឋ សម្រាប់តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ»។


ឯកឧត្តអភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយក្រុប្រឹក្សាខណ្ឌព្រែកព្នៅដែលទើបតែតំាង ថ្មី ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា និងគណ:អភិបាល មន្រ្តីរាជការនិងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន សំដៅអភិវឌ្ឍន៍ មូលដ្ឋាន និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ លោកម៉ៅ បូរ៉ាត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៧រូប៕