អាជ្ញាធរខេត្តព្រះវិហារ ជំរុញឲ្យប្រជាពលរដ្ឋទូទាំងខេត្តមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះជំងឺគ្រុនឈាមក្នុងរដូវធ្នាក់ភ្លៀងនេះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖

អាជ្ញាធរខេត្តព្រះវិហារ ជំរុញឲ្យប្រជាពលរដ្ឋទូទាំងខេត្តមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះជំងឺគ្រុនឈាមក្នុងរដូវភ្លៀងនេះ ដើម្បីចូលរួមបង្កាទប់ស្កាត់នូវជំនឺគ្រុនឈាម ពិសេសចំពោះកុមារ
តូចៗអាយុក្រោម១០ឆ្នាំ។ បើយោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសនៅគ្រឹះស្ថានសិក្សា សាលារៀន ត្រូវចូលរួមធ្វើអនាម័យទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម និងកាកសំណល់ឲ្យបានត្រឹមត្រូវ ជាពិសសលុបក្រឡុក លុបបំបាត់ទឹកដក់នៅតាមសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ និងត្រូវកាប់ឆ្ការព្រៃដុះជុំវិញអង្គភាពដែលជាកន្លែងលាក់ខ្លួន និងពងកូនរបស់មូលខ្លា។
ប្រភពបានបន្ដថា អាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមសហការជាមួយមន្ដ្រីជំនាញចុះផ្សព្វផ្សាយ អប់រំពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដល់យានដ្ឋានជួសជុលរថយន្ដ អាជីវករលក់ដូរសំបកកង់រថយន្ដ ម៉ូតូ និងនៅតាមមូលដ្ឋានសហគមន៍ អំពីការចូលរួមសំអាត
អនាម័យ ការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អចៀសវៀងការដក់ទឹកក្នុងសំបកកង់រថយន្ដ ម៉ូតូដែលខ្លួនបានដាក់តាំងលក់ ឬសំបកកង់ចាស់ៗដែលមិនបានប្រើប្រាស់។
ប្រភពដដែលបានឲ្យដឹងទៀតថា អាជ្ញាធរឃុំ-សង្កាត់ត្រូវណែនាំដល់ប្រជាពលរដ្ឋ ឲ្យធ្វើអនាម័យនៅតាមផ្ទះរបស់ខ្លួន លាងសម្អាតពាងទឹក អាងទឹករៀងរាល់មួយសប្ដាហ៍ និងប្រមូលសំរាមកប់ ឬដុតចោល កុមារតូចៗត្រូវណែនាំឲ្យស្លៀកពាក់ខោអាវវែងៗ ជៀសវាងការលេងកន្លែងងងឹត ព្រមទាំងគេងត្រូវដាក់មុងឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ២១នាក់ហើយ ដោយភាគច្រើនសុទ្ធតែជាកុមារ។