កិច្ចប្រជុំកំពូលលើកទី១៦ លើវិស័យផ្សព្វផ្សាយ និងព័ត៌មានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងធំធេង

AKP សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — តំណាងវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍន៍ការផ្សព្វផ្សាយ(AIBD) បានកោត សរសើរចំពោះការរៀបចំកិច្ចប្រជុំកំពូលលើកទី១៦ លើវិស័យផ្សព្វផ្សាយ និងព័ត៌មានបញ្ចប់ ប្រកបដោយជោគជ័យយ៉ាងធំធេងនៅម៉ោង១៧ និង២៥នាទី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុគណៈកម្មការផ្សព្វផ្សាយនៃសន្និសីទកំពូលសារព័ត៌ មានអាស៊ី លើកទី១៦។

ថ្លែងក្នុងពិធីបិទសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្ដសៀមរាប តំណាង AIBD លោកស្រី Phelomeana បាន សង្កត់ធ្ងន់ថា ក្នុងរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ យើងមាន ក្តីរំភើបក្នុងទិដ្ឋភាពនៃការរៀបចំកិច្ចប្រជុំ ដែលបានផ្តោតទៅលើសក្តានុពល អនាគតនៃ បដិវត្តន៍ឧស្សាហកម្ម៤.០ ឌីជីថលូបនីយកម្ម និងកិច្ចការថ្មីៗដែលអាចឱ្យប្រព័ន្ធ ផ្សព្វផ្សាយ ប្រពៃណីទាញយកប្រយោជន៍បានពីអតិថិជន នៅក្នុងយុគសម័យឌីជីថល ដោយការជឿទុក ចិត្តលើបដិវត្តន៍ឌីជីថល។

លោកស្រីបានបន្ថែមថា ប៉ុន្តែលើបច្ចេកវិទ្យាសាស្រ្តដ៏ទំនើបទាន់សម័យនេះ វាបានបង្កការលំបាកក្នុងព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ដោយសមាសភាពព័ត៌មានចម្រុះ ប៉ះពាល់ដល់ការងារនៅក្នុងរដ្ឋាភិបាល ក្នុងវិស័យឯកជន ក្នុងសង្គម និងពិភពលោកផងដែរ។ លោកស្រី តំណាងឱ្យ AIBD បានកោតសរសើរ និងចាត់ទុកកិច្ចប្រជុំកំពូល AMS លើកទី១៦ នៅខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា គឺជាការជួបជុំដ៏ធំពុំធ្លាប់មាននៅក្នុង AMS ចាប់តាំងពី ឆ្នាំ២០០៦មក។ លោកស្រីបានអះអាងថា កម្មវិធីរៀបចំអស្ចារ្យ, សិល្ប:វប្បធម៌ អស្ចារ្យ ពិធីជប់លៀងក៏អស្ចារ្យ។

លោកស្រីក៏សូមអរគុណដល់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងមន្រ្តី AIBD ដែលបានបម្រើដល់កិច្ចប្រជុំកំពូល សម្រេចបានជោគជ័យដ៏ធំនៅឱកាសនេះ៕

ដោយ អ៊ុន រិទ្ធី (រូបថត៖ ហ៊ុន យុទ្ធគុណ)