អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ​

AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ -កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បី ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាងទន្លេ ក្រោមអធិបតីភាព លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ។

លោក សោម សុជាតា មានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេ រួមទាំងធនធានទឹកក្រោមដីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តថា គោលដៅរួមក្នុងការចូលរួមចំណែកធ្វើឱ្យ សម្រេចបាននូវគោលបំណង ៤យ៉ាងគឺ ៖ ១- ធានាទឹកគ្រប់គ្រាន់ជូនប្រជាកសិករសម្រាប់បង្កបង្កើតផលស្រូវឱ្យបាន២ដងក្នុង១ឆ្នាំ លើផ្ទៃដីតែមួយកន្លែង និងកាត់បន្ថយភាពក្រីក្រ។ ២- ការគ្រប់គ្រងប្រើប្រាស់ និងអភិវឌ្ឍន៍ធនធានទឹកឱ្យមានចីរភាព និងប្រសិទ្ធភាពដើម្បីឱ្យមាននិរន្តរភាពធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងសង្គម។ ៣- កែលម្អបរិយាកាសនៃអភិបាលកិច្ច តាមរយៈការអនុវត្តផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្រ្តចតុកោណ និងគោលដៅចម្បងរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ៤- ជំរុញធនធានទឹក​ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអនុក្រឹត្យ ដែលពាក់ព័ន្ធនឹងទឹក ផ្ទេរការទទួលខុសត្រូវនៃការគ្រប់គ្រងអាងទន្លេដែលថ្នាក់ក្រោមជាតិអាច អនុវត្តន៍បាន បណ្តុះបណ្តាលនូវបច្ចេកវិទ្យាទំនើបនិងថ្មីៗដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដទៃទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបានបន្តថា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្រុមការងារទាំងអស់ ត្រូវតែខិតខំអនុវត្តន៍ការងារ តាមរយៈការចុះធ្វើវេទិកា និងចុះជួបសំណេះសំណាល តាមខ្នងផ្ទះ នៅតាមមូលដ្ឋានភូមិ ឃុំក្នុងក្រុង ស្រុកទាំងអស់ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋជាក់ស្តែង កាត់បន្ថយនូវការខ្វះខាតទឹកប្រើប្រាស់ និងចម្ងល់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ។

លោក សោម សុជាតា  បានជំរុញឱ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរដែនដី និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវបម្រើសេវា និងដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាតាមជំនាញរបស់ខ្លួន និង ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសធានាបាន សុវត្ថិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ ៕

ដោយបៃ ស៊ីថុន