គម្រោងអាជីវកម្មខ្សាច់សំណង់ត្រូវបានអន្តរក្រសួងពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង (IESIA) សម្រាប់គម្រោង អាជីវកម្មខ្សាច់សំណង់ និងដីល្បាប់ខ្សាច់ កាលពីថ្ងៃព្រហស្បត៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាប់ខ្សាច់ ខាងលើមានផ្ទៃដីទំហំ ២៣,៩០ហិកតា ស្ថិតនៅតាមដងទន្លេបាសាក់ ក្នុងភូមិ សាស្ត្រ ឃុំព្រែកគយ និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល របស់ក្រុមហ៊ុន កាលី អ៊ិនវេសម៉ិន ខូ អិលធីឌី (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អធីអិម ហ្គ្រីន ខនសាល់ធេនស៊ី ឯ.ក ។

ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹង បញ្ហាសំខាន់ៗមួយចំនួន ដូចជា៖ ១. អង្គប្រជុំគាំទ្រគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាប់ខ្សាច់នេះ ដើម្បីសម្រួលចរន្តទឹក និងចរាចរណ៍ផ្លូវទឹក ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងកើនឡើង។ ២. ក្រុមហ៊ុនត្រូវសហការជាមួយក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន ក្នុងការបោះពោងសម្គាល់ព្រំប្រទល់ទីតាំងធ្វើអាជីវកម្ម ចៀសវាងធ្វើអាជីវកម្មក្រៅទីតាំងគម្រោង។ ៣. ក្រុមហ៊ុនត្រូវអនុវត្តន៍តាមវិធានការកាត់បន្ថយដែលបានលើកឡើងក្នុងរបាយការណ៍នេះ ដើម្បីចៀសវាងការបាក់ច្រាំង និងហានិភ័យផ្សេងៗ ។ ៤. ក្រុមហ៊ុនត្រូវកសម្រួលរបាយការណ៍ទៅតាមមតិយោបល់ របស់មតិអង្គប្រជុំដែលបាន លើកឡើងទាំងបច្ចេកទេស និងអក្ខរាវិរុទ្ធ។

គួរបញ្ជាក់ថា កិច្ចប្រជុំដំណើរការ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេ  សាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានខេត្តកណ្តាល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ