សម្តេចតេជោនាយករដ្ឋមន្រ្តី ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី បន្ទាប់ពីសម្តេចតេជោនិងគណប្រតិភូបានអញ្ជើញដល់ ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ១៣និង៤៥នាទី ម៉ោងនៅទីក្រុងប៊ុយដាប៉េស ត្រូវនឹងម៉ោង១៨និង៤៥នាទី ម៉ោងនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសហុងគ្រី លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំហុងគ្រី ដែលមាននិវេសនដ្ឋាន នៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសហុងគ្រីជាច្រើនរូប។


នៅមុនពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យនិស្សិត កម្ពុជា ចំនួន១៩រូប ដែលកំពុងសិក្សាថ្នាក់អាហារូបករណ៍នៅប្រទេសហុងគ្រី និងប្រជាពលរដ្ឋកម្ពុជារស់នៅប្រទេសហុងគ្រី ចូលជួបសំដែងការគួរសមដាច់ដាយឡែកពីគ្នា ក្នុងបរិយាកាសស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។ ទន្ទឹមនេះនៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើង នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលនិងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីហុងគ្រី ឯកឧត្តម វីទ័រ អូបេន (Viktor Orban) ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលហុងគ្រីជាច្រើនរូប។ នេះគឺជាលើកទី១ ដែលជាដំណើរបំពេញទស្សនកិច្ចថ្នាក់ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសហុងគ្រី បន្ទាប់ពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ១៩៥៦។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីហុងគ្រី អញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលពេញអង្គទ្វេភាគី ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរកម្ពុជាហុងគ្រី ឲ្យកាន់តែរឹងមាំស្អិតរមួតនិងទ្វេឡើងថែមទៀត។ ក្នុងជំនួបដែលបានចំណាយពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែមទៀត ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រីមានប្រសាសន៍ថា ឯកឧត្តមសូមគោរពទ្វេដងចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី ក្នុងឋានះជានាយករដ្ឋមន្រ្តី បើទោះបីជាពេលមុនៗ សម្តេចធ្លាប់អញ្ជើញមកកាន់ហុងគ្រីជាច្រើនលើកក្តី។
​ សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ច លើកដំបូងមកកាន់ប្រទេសហុងគ្រី ក្នុងឋានះជានាយករដ្ឋមន្រ្តី បើទោះបីជាពេលកន្លងមកសម្តេចធ្លាប់ទៅបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារចំនួន៨លើករួចមក នៅប្រទេសហុងគ្រីកាលពីអតីតកាលក៏ពិតមែន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិនទៅនិងសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភាកាលពីពេលថ្មីកន្លងទៅ ពិសេសទៅទៀតសម្តេចតេជោក៏បានលើកការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងគោលជំហរនិងទស្សនះរបស់ហុងគ្រី ពាក់ព័ន្ធទៅនិងគោលនយោបាយរបស់សហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនិងបញ្ហាEBA។ ឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រីមានប្រសាសន៍ថា អ្វីដែលឯកឧត្តមមានការចាប់អារម្មណ៍បំផុត គឺកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលផ្តល់សារសំខាន់សម្រាប់ប្រទេសហុងគ្រី។ ឯកឧត្តមមានប្រសាសន៍បន្តថា សម្តេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌអាស៊ាន និងសហភាពអឺរ៉ុប ពិសេសជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ បណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខសម្តេចតេជោថា អ្វីដែលឯកឧត្តមចង់ឃើញនោះ គឺការជួបប្រជុំនៃគណះកម្មការចំរុះប្រទេសទាំងពីរ ពិសេសការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ដោយឈរលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងខ្លួន ពោលគឺការគោរពគ្នាទៅវិញទៅមក។ ពាក់ព័ន្ធទៅនិងបញ្ហា EBA ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា បញ្ហាEBAវាគឺជារឿងខ្វែងគំនិតគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា ផ្ទុយទៅវិញហុងគ្រីតែងតែឈរនិងគាំទ្រកម្ពុជាជានិច្ច ពិសេសទៅទៀតនោះ ហុងគ្រីមិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានភាពច្របូកច្របល់គ្នានោះទេ។ តាមរយះនេះ ឯកឧត្តមមានប្រសាសន៍ថា សូមសម្តេចទុកចិត្តចំពោះហុងគ្រី ក្នុងការតស៊ូមតិជាមួយនិងសហភាពអឺរ៉ុប ទាក់ទិនទៅនិងបញ្ហាEBA នេះ។ នៅចំពោះមុខសម្តេចតេជោ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មានក្រុមហ៊ុនរបស់ប្រទេសហុងគ្រី កំពុងមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដែលក្នុងនោះធនាគារអាហរ័ណ នីហរ័ណហុងគ្រី និងផ្តល់ប្រាក់កម្ចីដល់បណ្តាក្រុមហ៊ុនទាំងនោះ ធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឯកឧត្តមពិតជាមានការរីករាយចំពោះការវិវឌ្ឍន៍រីកចម្រើនខាងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ហើយតាមរយះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅពេលនេះ គឺយើងពិតជារីករាយក្នុងការបើកបេះដូងដ៏ទូលំទូលាយ ក្នុងការជួយគ្នាទៅវិញទៅមក។ សម្តេចតេជោមានប្រសាសន៍ដែរថា បើទោះបីជាកន្លងមកប្រទេសទាំងពីរធ្លាប់បើកស្ថានទូត ក្នុងប្រទេសផងខ្លួនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរបានបិទស្ថានទូតរៀងៗខ្លួន តាមរយះដំណើរទស្សនកិច្ចផ្លូវការ ទៅកានប្រទេសហុងគ្រីនៅពេលនេះ សម្តេចចង់ឃើញប្រទេសទាំងពីរ ធ្វើការបើកស្ថានទូតជាថ្មីឡើងវិញ ដើម្បីជួយគ្នាទៅវិញទៅមក ពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរបានឯកភាពគ្នាដែរថា នៅក្នុងខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានឹងបើកស្ថានទូតទូតរបស់កម្ពុជានៅទីក្រុងប៊ុយដាប៉េស ក្នុងនោះហុងគ្រីក៏នឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញដូចគ្នានោះដែរ។ សម្តេចតេជោក៏បានស្នើឲ្យមាន ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ប្រទេសទាំងពីឲ្យកាន់តែមានទំហំធំឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ឹមនៅឆ្នាំ២០២០។ សម្តេចតេជោក៏បានស្នើឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរ ជាមួយនិងបទពិសោធន៍ដែលហុងគ្រីធ្លាប់អភិរក្សតំបន់ប្រវត្តិសាស្រ្ត បុរាណរបស់ខ្លួន។ សម្តេចក៏បានសន្យាថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបញ្ហាទឹក ក្នុងប្រទេសហុងគ្រីនៅពេលខាងមុខផងដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយកសំណើនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ឹម នៅពេលខាងមុខ។
បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួមមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ អញ្ជើញក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង នៃគណបក្សកាន់អំណាចរវាងប្រទេសទាំងពីរកម្ពុជា-ហុងគ្រី។ សូមបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ កិច្ចព្រមព្រៀង និងអនុស្សរណះសំខាន់ៗចំនួន៣ ក្នុង នោះរួមមាន ទី១ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទី២ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាងក្រសួងអប់រំយុវជននិងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ និងទី៣ អនុស្សរណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បាន ចុះហត្ថលេខាផងដែរ៕