រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ គុណសម្បត្តិឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ កំពុងដើរតួនាទីយ៉ាងសកម្មជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណី

AKPសៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងថា គុណសម្បត្តិឌីជី ថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទីយ៉ាងសកម្មជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានដូចជា វិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ព។

ការថ្លែងពីគុណសម្បត្តិនៃឌីជី ថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ បានធ្វើ ឡើងក្នុងពិធីបិទសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់នូវគុណសម្បត្តិធំៗចំនួនបីគឺ៖ ទី១. ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយបាន និងកំពុងដើរតួនាទីយ៉ាងសកម្មជំនួស ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីប្រកបដោយសក្តានុពល និងបង្កើនគុណភាពនៃការផ្សព្វផ្សាយ ទាំងសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការផ្ទុកទិន្នន័យ ការសន្សំសំចៃនៃការ ប្រើប្រាស់រលកអាកាសវិទ្យុ កាត់បន្ថយចំណាយនៃផលិតកម្ម ការបង្កើនផលិតភាពយ៉ាង សម្បូរបែបក្នុងវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការចែករំលែកព័ត៌មាន និងការទទួលទិន្នន័យបានរហ័សតាមមធ្យោបាយដ៏សម្បូរបែប។ ទី២. ឌីជីថលភាវូបនីយកម្ម បានធ្វើឱ្យប្រទេសជឿនលឿនក្លាយទៅជារដ្ឋាភិបាល ឌីជីថលដែលការគ្រប់គ្រងរដ្ឋ ការផ្តល់សេវា និងការទទួលសេវា ការធ្វើពាណិជ្ជកម្មមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងការតភា្ជប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ទាំងផ្ទៃក្នុង និងជាសកល។ ទី៣. ប្រជាពលរដ្ឋមានការយល់ដឹងអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល និងទទួលបានព័ត៌មាន ព្រមទាំងសេវាសាធារណៈប្រកបដោយគុណភាពដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកឯគុណវិបត្តិ និងបញ្ហាប្រឈមវិញ ក៏មានផងដែរ ដូចជាឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយត្រូវចំណាយថវិកាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជី ថលទាំង នៅលើដី នៅក្រោមដី លើអាកាស និងនៅបាតសមុទ្រ ហើយទាមទារឱ្យមានកា រអភិវឌ្ឍសមត្ថភាពជំនាញកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តិនៃបច្ចេកវិទ្យាទំនើប។

ទន្ទឹមនេះ ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយបានធ្វើឱ្យប្រជាប្រិយភាពប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណីមានការធ្លាក់ចុះប្រឈមទៅនឹងការបាត់បង់ទីផ្សារប្រជាជនបាត់បង់ការ ងារធ្វើ។  ក្រៅពីនេះ ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយបានធ្វើឱ្យមានការកើនឡើង នូវបទឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ការចាប់ជំរិត ការហែកចូលបំផ្លាញទិន្នន័យឯកសារការ រំលោភលើសិទ្ធិបុគ្គលឯកជន និងធ្វើឱ្យល្បឿននៃការផលិតព័ត៌មានក្លែងបន្លំកើនឡើង៦ដង បើប្រៀប ធៀបទៅនឹងការផ្សាយព័ត៌មានពិត បង្កឱ្យកើតមានរូបភាពច្របូកច្របល់ធ្វើឱ្យ ប៉ះពាល់ដល់ សន្តិសុខសង្គម និងការអន្តរាយដែលកើតចេញពីបដិវត្តឌីជីថល មិនអាចប៉ាន់ស្មានបាន។

បន្ថែមពីនេះទៀត អង្គសន្និសីទ និងអង្គសិក្ខាសាលាបានលើកឡើងពីបញ្ហា ដែលកើតចេញ ពីបដិវត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលតម្រូវឱ្យ ស្ថាប័នមានសមត្ថកិច្ចរៀប ចំបទបញ្ញត្តិច្បាប់ប្រឆាំងទៅនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ព័ត៌មានក្លែងក្លាយ ការបណ្តុះបណ្តាលចំណេះដឹងដល់ពលរដ្ឋ និងពង្រីកវិជ្ជាជីវៈសារៈព័ត៌មាន។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ជំនួសមុខឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងកើតសរសើរ និងថ្លែងអំណរគុណសាជាថ្មីម្តងទៀតចំពោះ វិទ្យា ស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក(AIBD)ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងព័ត៌មាននៃព្រះរាជានាចក្រកម្ពុជា ក្នុងការរៀបចំសន្និសីទកំពូល សារព័ត៌មានអាស៊ីលើកទី១៦ និងអង្គការ UNESCO សហភាពប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប (EBU)អង្គភាពDeuts Wellse (DW) សហភាពប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត(ASBU) ដែលបានឧបត្ថម្ភគាំទ្រក្នុងការរៀបចំបើកសិក្ខាសាលារយៈពេលពីរថ្ងៃ មុនបើកសន្និសីទ កំពូលសារព័ត៌មានអាស៊ីឆ្នាំ២០១៩បានទទួលជោគជ័យយ៉ាងធំធេងដែលជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាកិត្តិយសរបស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក និងដៃគូពាក់ព័ន្ធ។

ឯកឧត្ដមបានបន្ដថា សន្និសីទកំពូលសារព័ត៌មានអាស៊ីឆ្នាំ២០១៩ ដែលបានលើក យកប្រធានបទស្តីពី «ឌីជីថលភាវូបនីយកម្មដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍន៍» មកជជែកពិភាក្សាពាក់ព័ន្ធទៅនឹងការសម្របសម្រួលខ្លួនទៅនឹងបដិវត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការបង្កើនកាលានុវត្តភាពនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល អត្ថប្រយោជន៍បញ្ហា ប្រឈមនានាដែលកើតចេញពីការធ្វើឌីជីថលភាវូបនីយកម្មទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ការប្រឆាំងនឹង ព័ត៌មានក្លែងបន្លំ និន្នាការបច្ចេកវិទ្យា4k ឥទ្ធិពល នៃ Augmented Reality(AR) and Virtual Reality (VR) នៅក្នុងវិស័យសារព័ត៌មាន និងសិក្ខាសាលាស្តីពីការបង្កើតកម្ម វិធីដ៏មានប្រសិទ្ធភាពនៅក្នុងយុគសម័យឌីជីថល។

ជាមួយគ្នានេះ ឌីជីថលគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញ ទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងតំបន់ឱ្យកាន់តែមានសក្កានុពលខ្លាំងក្លាថែមទៀត និងទប់ស្កាត់ផលប៉ះពាល់ដល់សង្គមដែលកើតចេញពីការធ្វើបដិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន៕

ដោយ គង់ សិរីរ័ត្ន (រូបថត៖ ហ៊ុន យុទ្ធគុណ)