ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែមិថុនា​ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាល អភិបាលរងក្រុង ស្រុក សរុបប្រមាណជាង ១០០នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្នុងរយៈ៥ឆ្នាំកន្លងមក គណៈអភិបាលខេត្តបានសហការល្អជាមួយក្រុមប្រឹក្សាដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ទទួលបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួនដើម្បីធានាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អ ។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងមានចំនួន ២៣រូប ស្រី៣រូប និង សមាជិកក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៤០រូប មានអង្គបោះឆ្នោតចំនួន ៤២២រូប ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។

យោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/ ៧៤៧ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ឡុង ឈុនឡៃ ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ និង សមាជិកចំនួន២២រូប ក្នុនោះស្រីចំនួន ៣រូប។
ប្រធានក្រុមប្រឹក្សាខេត្តទើបតែងតាំងថ្មី ឯកឧត្តម ឡុង ឈុនឡៃ បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងធ្វើការឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្តេជ្ញា គោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប្តេជ្ញាចូលរួមថែរក្សា ការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ប្តេជ្ញាអនុវត្តន៍ឱ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញាបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញាចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពង់ឆ្នាំងឱ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណានៅឆ្នាំ២០៣០ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ៕

ដោយ អ៊ុក សាផាន