សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិទី៣

AKP សៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩  — ឯកឧត្តម អ៊ឹង ហឿន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ រួមជាមួយនឹងឯកឧត្តម លោកជំទាវ ចំនួន២៦រូបទៀត ជាសមាជិកក្រុមប្រឹក្សាខេត្តត្រូវបាន​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ។ ពីធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានក្រុមការងារថ្នាក់ជាតិបានមានប្រសាសន៍ថា ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បោះឆ្នោតជ្រើសរើសជាសមា​ជិក​ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅពេលនេះ គឺដើមី្បឱ្យបន្តដឹកនាំខេត្ត និងធ្វើការអភិវឌ្ឍឱ្យ​មានការីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្តេចពិជ័យសេនាបានបន្តថា ទោះបីឯកឧត្តម លោកជំទាវ ដែលមានសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន តែគោល​ការណ៍ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋ ក្នុងការបម្រើនូវផលប្រយោជន៍ និង សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ មិនប្រកាន់និន្នាការគណបក្សនយោបាយឡើយ។ សម្តេច​ពិជ័យសេនាក៏បានសាទរផងដែរចំពោះសមិទ្ធផលស្នាដៃដែលខេត្តសៀមរាបសម្រេចបាន កន្លងមក ដោយផ្ដោតសំខាន់លើការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សង្គម ជាហេតុ​ធ្វើឱ្យកម្ពុជា មានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក៏ដូចអ្នក​វិនិយោគនានា ដែលជាមូលដ្ឋានធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង។ សម្តេច ក៏បានធ្វើការវាយតម្លៃនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កន្លងមកនេះ គឺមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយ​លទ្ធ​ផល​នៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយដែលបានចូលរួមផងដែរ ។

សម្តេចពិជ័យសេនាក៏បានលើកផងដែរអំពីការកំណែទម្រង់តាមបែបវិមជ្ឈការ និង​វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃកិច្ចដំណើរការរៀបចំ ដឹកនាំគ្រប់គ្រងរដ្ឋបាល តាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន  ដើមី្ប​ពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់មន្ត្រីបុគ្គលិក ខែ្សបណ្តោយរបស់​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចពិជ័យសេនាបានលើកឡើងដែរថា ការបណ្តុះ​បណ្តាល និងកសាងសមត្ថភាពមន្ត្រីគ្រប់ថ្នាក់អំពីការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ក៏ត្រូវបាន​រៀបចំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

ដោយ ឃុត សៅ