ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ កើនឡើង៨៥លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ — ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩នេះ កើនឡើងប្រមាណ ១១.២១ ភាគរយ ដោយការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បានកើនឡើង រហូត​ដល់៨៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមការប្រកាសនៅលើបណ្តាញទំនាក់ទំនង សង្គមរបស់ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ឯកឧត្ដម ឡុង ឌីម៉ង់ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ ក្នុង ខែឧសភា ២០១៩ នេះ មានទឹកប្រាក់ចំនួន៨៥ លានដុល្លារ ក្នុងនោះ ប្រទេសកូរ៉េ បានធ្វើការ នាំចូលមកកាន់កម្ពុជា មានទំហំ៦៣.៤លានដុល្លារ កើនឡើង ប្រមាណ១១.២១ភាគរយ ។ ចំណែកកម្ពុជា បាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ មានទំហំទឹកប្រាក់២១.៦លានដុល្លារ កើនឡើងប្រមាណ៤.៣៨ ភាគរយ បើធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ទន្ទឹមនេះ កម្ពុជា នៅមានឱនភាពពាណិជ្ជកម្ម ជាមួយកូរ៉េចំនួន៤១.៨លានដុល្លារ នៅក្នុង ខែឧសភា កន្លងទៅនេះ ។

អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា លោក ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា កូរ៉េខាងត្បូង និងកម្ពុជា គឺ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាយូរណាស់មកហើយ ជាពិសេស ទៅលើវិស័យពាណិជ្ជកម្មតែម្ដង។ លោកឧកញ៉ាបានបង្ហាញពីក្ដីសាទរចំពោះ លទ្ធ​ផល ដែលទទួលបានពីវិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនេះ ហើយជឿជាក់ថា នៅ​ពេលបន្ទាប់ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនេះ នឹងនៅតែបន្តមានការកើនឡើង។ លោកឧកញ៉ាបានបន្តទៀតថា ការវិនិយោគរបស់កូរ៉េ មកកាន់កម្ពុជាភាគច្រើនគឺជា ការនាំ​ចូលផលិតផលសម្រេចដូចជាសម្ភារសំណង់ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ យានយន្ត និងសម្ភារប្រើប្រាស់ ជាច្រើនប្រភេទ ខណៈដែលទីផ្សារ នៅកម្ពុជា មានជំនឿ ជឿជាក់ទៅលើកម្រិតគុណភាព នៃផលិតផលរបស់ប្រទេសមួយនេះ។ ចំណែកការនាំចេញ របស់កម្ពុជា ឆ្ពោះទៅកាន់កូរ៉េ វិញ ភាគច្រើនជាផលិតផលលើវិស័យកាត់ដេរ និងកសិផល ៕

ដោយ ម៉ៅ ចរិយា