ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យការដ្ឋានស្តារប្រឡាយ និងដាក់លូមេ នៅខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌសែនសុខ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ​ឆ្នាំ២០១៩ — អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យ ពន្លឿនការដ្ឋានស្ដារប្រឡាយ និងដាក់លូមេ ដើម្បីរំដោះទឹកភ្លៀងនៅសង្កាត់ កាកាបទី១ និងទី២ ចោមចៅ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ក្នុងខណ្ឌសែនសុខ ដោយសារតំបន់ទាំងនេះនៅតែប្រឈមនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ដំណើរចុះពិនិត្យការដ្ឋាននេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ។

លោកសាំ  ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីធ្វើការរំដោះជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យស្ដារប្រឡាយ និងការដាក់លូដើម្បីរំដោះទឹកភ្លៀងចេញពីតំបន់ទាំងនោះ។  លោកបានបន្ដថា ដើម្បីឱ្យដំណើរការនៃការស្តារឡាយនិងការដាក់លូ ដំណើរការទៅបានរលូននិងរួចរាល់ទៅតាមផែនការ និងទៅតាមលក្ខណៈបច្ចេកទេសផងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះមកពិនិត្យមើលជាក់ស្ដែងនៅការដ្ឋាននេះ ។  លោកក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាន មិនរៀបរយមួយចំនួនសូមបងប្អូនមេត្ដាយោគយល់ និងរំកិលផ្ទះនៅពេលការដ្ឋានធ្វើមកដល់នោះ ។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរដែនដីធ្វើសេចក្តីជូនដំណឹង ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងជាមុន និងស្ម័គ្រចិត្ដរុះរើលំនៅឋានរបស់ខ្លួនចេញពីលើខ្នងប្រឡាយលូ ដើម្បីឱ្យមន្ត្រីជំនាញក៏ដូចជា មន្ទីរជំនាញ ងាយស្រួលក្នុងការស្ដារប្រឡាយលូមេ មួយខ្សែនេះផងដែរ ។ ដោយឡែករោងចក្រមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ត្រូវបានឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ធ្វើការណែនាំឱ្យអាជ្ញាធរដែនដីជំរុញឱ្យរោងចក្រខាងលើធ្វើការដាក់លូទំហំ២ម៉ែត្រជំនួសលូចាស់ដែលមានទំហំត្រឹមតែ ៨តឹក ប្រវែង២០០ម៉ែត្រ ដោយតភ្ជាប់ទៅប្រឡាយមេស្ថិតនៅភូមិចំការឪឡឹក ។ បន្ថែមពីនេះទៀតរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងមានគម្រោងបន្ថែមដាក់លូមេទំហំ២ម៉ែត្រប្រវែង ១.១៧០ម៉ែត្រថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយមេមួយខ្សែនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកភ្លៀងចេញពីខណ្ឌពោធិសែនជ័យ និងខណ្ឌសែនសុខ ដោយមិនឱ្យទឹកហូរចូលទៅក្នុងព្រលានអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។ ប្រឡាយមេមួយខ្សែនេះនឹងជួយរំដោះទឹកមិនឱ្យទឹកភ្លៀងលិចលង់នៅសង្កាត់កាកាបទី១ កាកាប២ និងសង្កាត់គោកឃ្លាង ភូមិត្រពាំងជ្រៃ , ត្រពាំងពោធិ៍ ,ព្រៃព្រីងខាងជើង ,និងភូមិព្រៃទា សង្កាត់ចោមចៅ៣ និងមួយផ្នែកទៀតជួយរំដោះទឹកមួយផ្នែកធំនៅក្នុងខណ្ឌសែនសុខ ផងដែរ ៕

ដោយសួស សំរិត