រដ្ឋសភាកំណត់ថ្ងៃ១៧ ខែមិថុនាខាងមុខ បើកសម័យប្រជុំពេញអង្គពិភាក្សា និងអនុម័ត​សេចក្តី​ព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ — គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់យកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បើកសម័យ ប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការ​គ្រប់គ្រងប្រេងកាត និងការផលិតផលប្រេងកាត និងរបៀបវារៈមួយចំនួនទៀត។

ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភានេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា​បានបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ក្រោមអធិបតីភាពសម្តេច​អគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ក្នុងកិច្ចប្រជុំនេះ ជាលទ្ធផលគណៈកម្មាធិ​ការ​អចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចដាក់បញ្ចូលរបៀបវារៈ រួមមាន៖ ១. ការសម្រេច​អំពីសុពល​ភាពនៃអាណត្តិរបស់ឯកឧត្ដម សុខ ផេង តំណាងរាស្រ្តមណ្ឌលខេត្ត ព្រៃវែង ជំនួសឯកឧត្ដម ពៅ សាមី ដែលទទួលមរណភាព។ ២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការ​គ្រប់​គ្រងប្រេងកាត និងផលិតផលប្រេងកាត។ ៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញ​ទៅមកនៃ​វិនិយោគ។ ៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើកិច្ច​ព្រម​ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ​និងការការ​ពារ ទៅវិញទៅ មកនៃវិនិយោគ។ ៥. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុ​ម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ​តួកគី ស្តីពីការជំរុញ និងការការពារ ទៅវិញទៅមក នៃវិនិយោគ។ ៦. ការពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការ​បណ្តាញ​អន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋសភា ក៏បានសម្រេចប្រគល់សេចក្តីព្រាង ច្បាប់ចំនួនពីរទៅគណៈកម្មការជំនាញពិនិត្យ និងឱ្យយោបល់រួចហើយបញ្ជូលមកគណៈ​កម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យផងដែរ។ សម្រាប់ សេចក្តីព្រាងច្បាប់ទាំងពីរនេះ រួមមាន៖ ១.សេចក្តី​ព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃ​កិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការ​នេសាទ​ខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវិញ។ ២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍ ជនបទ បរិស្ថាន និងធនធាន​ទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃ​រដ្ឋសភា វិញ៕

ដោយ ប៊ុនរិទ្ធ