ក្រសួងសាធារណការគ្រោងកែលម្អផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃបន្ថែមទៀត

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ ក្រសួងសាធារណការគ្រោងកែលម្អផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញនិងមនុស្សឲ្យបានច្រើនហើយលឿនរហ័សជាងមុនស្របតាមតម្រូវការតំបន់។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងត្រៀមប្រើប្រាស់កញ្ចប់ថវិកាជាតិរហូតដល់ជាង២០ លានដុល្លារអាមេរិក ដើម្បីបន្តកែលម្អផ្លូវដែកកម្ពុជាពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លាស់ប្ដូរផ្លូវដែកដើម្បីអាចផ្ទុកទំនិញលើសពី៦០តោនឡើងទៅក្នុងមួយទូ ។
ឯកឧត្តម លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងកែលម្អ ផ្លូវដែកនេះមានផលចំណេញច្រើនខាងផ្នែកសេដ្ឋកិច្ច គឺអាចដឹកជញ្ជូនទំនិញបានច្រើនមិនផ្លាស់ប្ដូរទូរថភ្លើងនៅពេលធ្វើដំណើរឆ្លងកាត់ខ្សែខុសគ្នា ធ្វើឲ្យផលិតផលលក់នៅលើទីផ្សារកាន់តែថោកសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្ថែមថា ផែនការកែលម្អផ្លូវដែកនេះគ្រោងលើកជាសំណើរទៅកាន់រាជរដ្ឋាភិបាលនៅក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ បន្ទាប់ពីផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃអាចដឹកជញ្ជូនទំនិញបាន ត្រឹមតែជាង៣០តោនហើយរត់ក្នុងល្បឿនយឺតមិនទាន់សភាពការណ៍។ បន្ថែមពីនេះទៀតផ្លូវរថភ្លើងខ្សែទី១នេះ ក៏បានបង្កការរំខានដូចជាការផ្ទេរទំនិញឬផ្លាស់ប្ដូរទូឡើងចុះខណៈដែលផ្លូវរថភ្លើងខ្សែទី២ ពីភ្នំពេញទៅខេត្តព្រះសីហនុអាចផ្ទុកបានរហូត៦០តោនក្នុងមួយទូ ។
សម្លេង ៖ បើនិយាយទៅវាចំណេញសេដ្ឋកិច្ចច្រើន ទំនិញយើងការដឹកជញ្ជូនតាមរទេះភ្លើងវាមានតម្លៃថោកជាងគេ ដឹងហើយថារទេះភ្លើងដឹកបានច្រើន ចឹងកាណាដឹកបានច្រើន វាកាត់បន្ថយឡានដែលនៅតាមផ្លូវ គ្រោះថ្នាក់ចរាចរណ៍ក៏អាចកាត់បន្ថយបានមួយចំនួនដែរ ដោយឡានឥឡូវមានបញ្ហាប្រឈមដោយសារឡានមួយចំនួននៅដឹកលើសទំងន់ អញ្ចឹងអ្នកដឹកជញ្ជូនគេបង្វែរមកដឹកតាមរទេះភ្លើងវិញ អញ្ចឹងក៏វាទប់ស្កាត់ការខូចផ្លូវបានមួយចំនួនផងដែរ ។
លោកឧកញ៉ា ភូ ប៉ុយ ប្រធានសមាគមស្រូវអង្ករខេត្តបាត់ដំបងបានឲ្យដឹងថា ការកែលម្អផ្លូវដែកខ្សែទីមួយបន្ថែមទៀតនេះ គឺជាគោលដៅចម្បងមួយក្នុងការផ្ទុកទំនិញបានច្រើន ប៉ុន្តែដើម្បីឲ្យវិស័យឯកជនប្រើប្រាស់សេវាដឹកជញ្ជូននេះ ត្រូវតែមានតម្លៃសមរម្យ មានផែស្ងួតសម្រាប់ត្រួតពិនិត្យនៅតាមបណ្ដាខេត្តជាប់និងផ្លូវដែកនេះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការ ត្រួតពិនិត្យទំនិញច្រើនដងឬសាងទំនិញចុះឡើងមុននឹងឆ្លងកាត់ទៅប្រទេសទី៣ ។
សូមបញ្ជាក់ថា ផ្លូវដែកខ្សែទី១ ពីភ្នំពេញដល់ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ដែលមានចម្ងាយសរុប៣៨៦ គីឡូម្រ៉ែត ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ហើយគម្រោងកែលម្អនេះនឹងត្រូវធ្វើឡើងតាមរយៈការជួសជុលនៅស្ថាបនាស្ពានឡើងវិញចំនួនជាង ៥០០ កន្លែង រួមទាំងដូរដែករៃចាស់ៗដោយជំនួសដោយរៃថ្មី ដែលធានាសុវត្ថិភាពនិងការបើកបរ ៕