រដ្ឋមន្ត្រីព័ត៌មានហ្វ៊ីលីពីន បង្ហាញការកោតស្ញប់ស្ញែង ចំពោះប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរ

AKP សៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម Martin Andanar លេខាធិការប្រធានាធិបតី ទទួលបន្ទុកជារដ្ឋមន្រ្តីព័ត៌មាន នៃប្រទេសហ្វ៊ីលីពីន និងលោកជំទាវ អមដំណើរដោយលោកជំទាវ ខៀវ ទេព រង្ស៉ី កាញារីទ្ធ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅទស្សនកិច្ចប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Martin Andanar បានថ្លែងថា នេះជាលើកទី២ហើយសម្រាប់ឯកឧត្តម ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ហើយឯកឧត្តមនៅតែមានការស្ញប់ស្ញែង និងកោតសសើរចំពោះស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទបុរាណដ៏អស្ចារ្យបន្សល់ទុកឱ្យចៅជំនាន់ក្រោយ ហើយឯកឧត្តម នឹងមកអង្គរវត្ដជាលើកទី៣។

ដោយឡែកលោកជំទាវ Alelee Aguilar ភរិយាឯកឧត្តម Martin Andanar វិញក៏ បានបង្ហាញពីការស្ញប់ស្ញែងចំពោះប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរ ព្រោះថា នេះជាលើក ទី១ហើយ សម្រាប់លោកជំទាវដែលបានមកទស្សនាប្រាសាទអង្គរវត្ត។ លោកជំទាវបាន បញ្ជាក់ថា បន្ទាប់ពីបានឃើញពីភាពអស្ចារ្យនៃប្រាសាទបុរាណខ្មែរនៅពេលនេះ លោកជំទាវ សន្យាថា នឹងមកកម្សាន្តនៅខេត្តសៀមរាបនេះម្តងទៀត ដោយមកជាលក្ខណៈគ្រួសារ ដើម្បីឱ្យកូនៗរបស់លោកជំទាវបានឃើញពីភាពអស្ចារ្យនៃប្រាសាទបុរាណខ្មែរ និងបានសិក្សា ឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ទន់ភ្លន់របស់ខ្មែរ។

នៅក្នុងឱកាសអញ្ជើញមកចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦នៅខេត្តសៀមរាបនេះដែរ លោកជំទាវ Alelee Aguilar ភរិយាឯកឧត្តម Martin Andanar លេខាធិការ ប្រធានាធិបតី ទទួលបន្ទុកជារដ្ឋមន្រ្តីព័ត៌មាន នៃប្រទេសហ្វ៊ីលីពីន បានធ្វើការសិក្សាឈ្វេង យល់ជាច្រើនពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ វិស័យអប់រំកម្ពុជា ដោយលោកជំទាវបាន អញ្ជើញទៅទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ដែលជាសាលាមួយជាប់ ចំណាត់ថ្នាក់ ល្អខាងផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ បានទៅសារៈមន្ទីរជាតិអង្គរ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងបានទៅទស្សនកិច្ចនៅ Artisans Angkor ស្ថិតនៅក្នុងខេត្តសៀមរាបផងដែរ៕

ដោយ ឃុត សៅ