ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសវិញក្រោយឈ្នះកៅអី១ឡើងទៅជុំទី២ FIFA World Cup Qatar ២០២២

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩​ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរមកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីល្ងាចថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមកម្ពុជាបំពេញបេសកកម្មដោយជោគជ័យនៅវគ្គជម្រុះបឋមជើងទី២ នៅកីឡដ្ឋាននៃប្រទេសកាតាជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាននៃព្រឹត្តិការណ៍ FIFA World Cup Qatar២០២២។ ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផលទាំងពីរជើងសរុប ៤ទល់១ ដោយកាលពីជើងទី១កម្ពុជាឈ្នះនៅក្នុងផ្ទះ ២ទល់០ និងនៅជើងទី២ នៅប្រទេសកាតា គឺក្រុមកម្ពុជាបន្តយកឈ្នះ ប៉ាគីស្ថាន ២ទល់១។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្តល់ការលើកទឹកចិត្ត ជូនដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោយពេលក្រុមបាល់ទាត់កម្ពុជាឈ្នះកៅអីនៅវគ្គបឋម ឡើងទៅកាន់ការប្រកួតនៅជុំទី២ ឬវគ្គចែកពូលប្រចាំទ្វីបអាស៊ី ដែលការចាប់ឆ្នោតចែកពូលជុំទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងឌូហា ប្រទេសកាតាជាទីដែលរៀបចំព្រឹត្តិការណ៍ FIFA World Cup ២០២២ ជុំផ្តាច់ព្រ័ត្រវគ្គ៣២ក្រុមតែម្តង។សូមបញ្ជាក់ថា នៅក្នុងដំណើរវិលត្រឡប់មកកាន់មាតុភូមរបស់ខ្លួនវិញនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៧.០០០​ដុល្លារអាម៉េរិក ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករក្រុមជម្រើសជាតិបាល់ទាត់ទាំងមូល ដើម្បីជាការលើកទឹកចិត្តផងដែរ៕

ដោយ ហេង ណាលីន