មេដឹកនាំកូរ៉េខាងជើងបញ្ជូនសារសមានទុក្ខដល់ ពិធីបុណ្យសពលោកស្រី លី ហ៊ី –  ហូ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងបង្រួបបង្រួបរបស់ក្រុងសេអ៊ូលបាននិយាយពីថ្ងៃពុធថា លោក គីម ជុង ( Kim Jong Un )  មេដឹកនាំកំពូលកូរ៉េខាងជើង នឹងបញ្ជូនសារសមានទុក្ខរបស់លោក ព្រមទាំងផ្កាតាមរយៈប្អូនស្រី​របស់លោក ដល់ពិធីបុណ្យសព លោកស្រី លី ហ៊ី –  ហូ ( Lee Hee ho ) ភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេ ជុង ( Kim Dae Jung ​) ។

កូរ៉េខាងជើងបានជូនដំណឹងដល់កូរ៉េខាងត្បូងតាមរយៈការិយាល័យសម្ព័ន្ធ ការអន្តរកូរ៉េនៅក្នុងទីក្រុងព្រំដែនកាវសុង របស់កូរ៉េខាងជើង កាលពីព្រឹកថ្ងៃនេះថា មេដឹកនាំកូរ៉េខាងជើង នឹងបញ្ជូនសារសមានទុក្ខព្រមទាំងផ្ការបស់លោក ចំពោះមរណភាពរបស់លោក ស្រីលី នៅខាងភាគីកូរ៉េខាងជើង នៃភូមិព្រំដែនអន្តរ   កូរ៉េ ប៉ាន់មុនហ្សូម នៅម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក ។

សារសមានទុក្ខនិងផ្កា នឹងត្រូវប្រគល់ឱ្យដោយលោកស្រី គីម យ៉ូជុង ( Kim Yo Jong   ) ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ។ ដើម្បីទទួលយកសារ និងផ្កានេះ លោក ជុង អឺយ យ៉ុង ( Chung Eui Yong  ) ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា អ៊ីន ( Moon Jae in )  , អនុរដ្ឋមន្ត្រីបង្រួបបង្រួមលោក ស៊ូហូ ( Suh Ho ) និងលោក ប៉ាក់ ជេ វ៉ុន​( Park Jie Won ) សមាជិកសភាមួយរូបនៃគណបក្សប្រឆាំងតូចតាចសម្រាប់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព នឹងធ្វើដំណើរទៅកាន់ប៉ានមុនហ្សូម​ ។

លោក ស្រីលី បានទទួលមរណភាពកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីការប្រយុទ្ធនឹងជំងឺមហារីកថ្លើមមក ។ លោកស្រី លី ដែលបានកើត ក្នុងឆ្នាំ ១៩២២ បានធ្វើជាប្រធានមជ្ឈមណ្ឌលសន្តិភាព គីម ដេ ជុង ដែលបានបង្កើតឡើងដោយស្វាមីលោកស្រី ដើម្បីជំរុញការផ្សះផ្សាអន្តរកូរ៉េ​ព្រមទាំងប្រយុទ្ធនឹងភាពក្រីក្រជាសកល​។

លោកស្រី បានអមដំណើរស្វាមី លោកស្រី ដែលធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល៥ ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៨ ទៅកាន់ក្រុងព្យុងយ៉ាង ក្នុងឆ្នាំ ២០០០ សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកដំបូងជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងពេលនោះ  គឺលោក គីម ជុងអ៊ីល ( Kim Jong Il ) បិតាមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន​ ។

នៅពេលដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ទទួលមរណភាព ក្នុងឆ្នាំ ២០០៩ កូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូមួយ មានសមាជិក ៦ រូបទៅចូលរួមបុណ្យសពនេះ ។

លោកស្រី លី បានធ្វើទស្សនកិច្ចក្រុងព្យុងយ៉ាងក្នុងខែធ្នូ ឆ្នាំ ២០១១ ដើម្បីទៅគោរពសពអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ីល ដោយធ្វើកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន ក្នុងអំឡុងពិធីបុណ្យសពនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )