អ្នកនាំពាក្យ៖ បញ្ហាឧបទ្វីបកូរ៉េនៅតែស្ថិតនៅក្នុងក្របខ័ណ្ឌ នៃដំណោះស្រាយនយោបាយនៅឡើយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា  ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្រុងប៉េកាំងកាលពីថ្ងៃពុធថា ប្រទេសចិនបានអំពាវនាវដល់បណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធឱ្យបន្តធ្វើកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យចេញជារូបរាងពិតប្រាកដការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ព្រមទាំងការធ្វើឱ្យមានសន្តិភាព ដែលមាននិរន្តរភាពនៅលើឧបទ្វីបកូរ៉េតាមរយៈកិច្ចចរចា ។

ថ្ងៃពុធនេះកត់សម្គាល់ខួបលើកទីមួយ នៃកិច្ចប្រជុំលើដំបូងរបស់មេដឹកនាំកូរ៉េខាងជើងនិង ស.រ.អា ក្នុងប្រទេសសិង្ហបុរី​ ប៉ុន្តែវាហាក់ដូចជាថា ការសន្ទនាគ្នារវាងប្រទេសទាំងពីរមិនបានធ្វើឱ្យមានការជឿន លឿនថែមទៀត កាលពីពេលថ្មីៗនេះ ។

ក្នុងការឆ្លើយតបអ្នកនាំពាក្យលោក ជេង សួង ( Geng Shuang ) បាននិយាយថា កិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើងនិង ស.រ.អា នៅសិង្ហបុរី បានធ្វើឱ្យមានការជឿនលឿនយ៉ាងសំខាន់នៅក្នុងដំណោះស្រាយនយោបាយនៃបញ្ហាឧបទ្វីកូរ៉េ ។

លោកបាននិយាយថា បើជំហាននៃកិច្ចចរចាមានភាពយឺតយ៉ាវ ក៏ដោយក៏បញ្ហាឧបទ្វីបកូរ៉េនៅតែស្ថិតនៅក្នុងរង្វង់ក្របខ័ណ្ណនៃដំណោះស្រាយនយោបាយ នៅឡើយនៅពេលដែលកូរ៉េខាងជើងនៅតែសន្យាចំពោះការធ្វើមិនឱ្យមាននុយក្លេអ៊ែរដែលនោះហើយភាគីទាំងពីរនៅតែសន្យាចំពោះការដោះស្រាយបញ្ហានេះតាមរយៈការសន្ទនាគ្នានោះ ។

លោក ជេង បាននិយាយថា វាជាសេចក្តីសង្ឃឹមរបស់ចិនដែលថា ភាគីទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងរក្សានូវការទាក់ទងគ្នា, ជួបប្រជុំគ្នាទៅវិញទៅមកដោយមានការស្រុះស្រួលគ្នា ព្រមទាំងដោះស្រាយកង្វល់ដោយស្របច្បាប់នៃភាគីទាំងអស់ ដើម្បីធ្វើឱ្យចេញជារូបរាងពិតប្រាកដជាចុងក្រោយការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងមានសន្តិភាព ដែលស្ថិតស្ថេរនៅឧបទ្វីបកូរ៉េ ។

លោកបាននិយាយបន្ថែមថា ចិននឹងបន្តធ្វើការងារជាមួយសហគមន៍អន្តរជាតិ ព្រមទាំងដើរតួប្រកបដោយការស្ថាបនាមួយនៅក្នុងដំណើរការនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )