រដ្ឋមន្រ្តីការបរទេសវៀតណាម និងអូស្រ្តាលីជួបពិភាក្សាគ្នា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩​​ — ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសម្តែងនូវការកោតសរសើរចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រី Marise Payne ក្រោយពីលោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអូស្រ្តាលី ដោយលោកបាននិយាយថា វាជាការបង្ហាញនូវការកោតសរសើររបស់រដ្ឋាភិបាលអូស្រ្តាលីចំពោះប្រទេសវៀតណាម និងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។នៅក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីក្រុងហាណូយ កាលពីថ្ងៃទី១២ មិថុនា ជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ឧបនាយករដ្ឋមន្រ្តី Minh បានថ្លែងអំណរគុណដល់បណ្តាប្រទេសនៅប៉ាស៊ីហ្វិកក្នុងការរក្សាការ ផ្តល់ជំនួយអភិវឌ្ឍន៍ដល់វៀតណាម ដោយលោកបាននិយាយថា វាត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់វៀតណាម។
លោកស្រី Payne បានអះអាងថា អូស្រ្តាលីចាត់ទុកវៀតណាមជាដៃគូសំខាន់របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយចង់ជំរុញចំណងទាក់ទងទ្វេភាគីបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ភាគីទាំងសងខាងបានព្រមព្រៀងគ្នាដើម្បីសម្រួលដល់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលអនាគតឆាប់ៗនេះ ធ្វើ​ឱ្យមានប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ១៩ ជាពិសេសកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ព្រមទាំងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីជាលើកដំបូងស្តីពី ភាពជាដៃគូសេដ្ឋកិច្ច នៅក្នុងឆ្នាំនេះ។

ដោយបានលើកឡើងអំពីសារៈសំខាន់នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងតួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសដោយសារតែការការពារនិយម និងជំលោះពាណិជ្ជកម្មកើនឡើង រដ្ឋមន្រ្តីទាំងពីរបានសន្យាថា​ នឹងទាញយកប្រយោជន៍ពីសក្ដានុភាព និងភាពរឹងមាំនៃភាគីនីមួយៗដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយនឹងការធ្វើឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពហុភាគីដែលប្រទេសទាំងពីរជាសមាជិក រួមទាំងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)