អាជ្ញាធរខេត្តតាកែវប្រារព្ធខួបលើកទី៧០ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី១៨ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩

AKP តាកែវ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តអង្គសឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ០១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ម៉ឹង​  វុទ្ធី អភិបាលរងខេត្តតាកែវ និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកបាទីយ៉ាងច្រើនកុះករ។

ក្នុងពិធីនោះលោក ម៉ឹង វុទ្ធី បានធ្វើការអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមនឹងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ការជិះជាន់ទៅលើកុមារ តាមរយៈការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ ជារៀងរាល់ឆ្នាំពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាយើងផងដែរ តែងតែប្រារព្ធទិវាកុមារអន្តរជាតិ០១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា។ ដើម្បីឱ្យមានការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាទៅលើកុមារ ជាពិសេសរម្លឹកនូវសោកនាដកម្ម នៃការសម្លាប់យ៉ាងឃោរឃៅទៅលើស្ត្រី និងកុមារ នៅក្នុងរបបហ្វាស៊ីសហ៊ីត្លែ និងសង្គ្រាមលោកលើកទី២ ។ ចុងក្រោមនេះ មានសោកនាដកម្មមួយទៀតដែលយើងមិនអាចបំភ្លេចបាន គឺមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានសម្លាប់ប្រជាជន និងកុមារកម្ពុជាយើងរាប់លាននាក់។  នៅក្នុងរបបប្រល័យពូជសាសន៍កុមារជាច្រើនបានស្លាប់ដោយសារតែកង្វះអាហារ ការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើពលកម្មហួសកម្លាំងជាដើម។

លោក ម៉ឹង  វុទ្ធី មានប្រសាសន៍បន្តថា បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះនៅថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ ​រហូតមកដល់បច្ចុប្បន្ននេះ សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរបស់កុមារត្រូវបានលើកកម្ពស់ ដោយយកចិត្តទុកដាក់ជាទីបំផុត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ សច្ចាប័ន ពិធីសារនានា ដើម្បីការពារឧបត្ថម្ភប្រយោជន៍របស់កុមារស្របទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែលើកកម្ពស់សិទ្ធិជាមូលដ្ឋានទី៤​របស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។

លោក ម៉ឹង វុទ្ធី  មានប្រសាសន៍បន្ថែមថា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ជាពិសេសការរំលោភលើកកម្លាំងពលកម្មកុមារ អាជ្ញាធរពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ដើម្បីធ្វើការទប់ស្កាត់កុំឱ្យមានការជិះជាន់លើកម្លាំងពលកម្មកុមារ ហើយអាណាព្យាបាលទាំងអស់ត្រូវបញ្ជូនកូន ចៅ របស់ខ្លួនឱ្យបានចូលសិក្សាគ្រប់ៗគ្នា៕

ដោយ អ៊ុច សៀង