មន្ត្រីជំនាញរបស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ទទួលស្គាល់ថា អ្នកជំនាញជួសជុលប្រាសាទបុរាណខ្មែរ មានការទទួលខុសត្រូវខ្ពស់

AKP សៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ -ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយពេលបញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣២ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរ ជាតិអប្សរា បានលើកឡើងថា អ្នកជំនាញការ នៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្រប សម្រួល កិច្ចគាំពារ និងអភិរក្សតំបន់ប្រវត្ដិសាស្ដ្រអង្គរ (អាយស៊ីស៊ី-អង្គរ) បានកោតសរសើរ ចំពោះអ្នកជំនាញ ដែលកំពុងអនុវត្តន៍គម្រោងជួសជុលប្រាសាទ បុរាណខ្មែរនានា ដោយលើក ឡើងថា ពួកគាត់មានការទទួលខុសត្រូវខ្ពស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណ នៅក្នុងតំបន់ឧទ្យានអង្គរ។

 លោកជំទាវបន្តថា បន្ទាប់ពីបានបញ្ចប់ការចុះពិនិត្យនៅតាមបណ្តាការដ្ឋានចំនួន២០ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ អ្នកជំនាញរបស់អាយស៊ីស៊ី-អង្គរ បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញ ដែលកំពុងអនុវត្តន៍កិច្ចការជួសជុល និងអភិរក្ស ប្រាសាទបុរាណខ្មែរ។

លោកជំទាវរដ្ឋមន្រ្ដីបានបន្ដទៀតថា ក្រៅពីការកោតសរសើរ ក្រុមអ្នកជំនាញការរបស់ អាយស៊ីស៊ី-អង្គរ ក៏បានផ្តល់នូវអនុសាសន៍ថ្មីៗបន្ថែមទៀតសម្រាប់ការអនុវត្តគម្រោងទាំង ២០នេះ ដែលមានជាអាទិ៍ដូចជា ប្រាសាទលលៃ ប្រាសាទតាព្រហ្ម ផ្លូវចូលតាមច្រកទ្វារ ដៃឆ្នាំង ជាដើម។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ ប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ី-អង្គរ) បានបើកចំកិច្ចប្រជុំបច្ចេកទេសរបស់ ខ្លួនលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះ បានដាក់ជូនទៅតាមការដ្ឋាន អភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរមានរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ចប់ដោយជោគជ័យ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន លោក Guillaume NARJOLLET  ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

នៅក្នុងកិច្ចប្រជុំលើកនេះ ក៏បានបង្ហាញលទ្ធផលកំណាយនៅប្រាសាទអកយំ គម្រោងផ្លូវវាងនៅមុខព្រះលានជល់ដំរី លទ្ធផលកំណាយនៅស្រះខាងជើងប្រាសាទអង្គរវត្ត រួមទាំងការងារអភិរក្ស និងជួសជុលប្រាសាទ កិច្ចការងារព្រៃឈើ ការងារគ្រប់គ្រងទឹក និងការងារគ្រប់គ្រងទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម៕

ដោយ ឃុត សៅ