ឯកឧត្ដម អូស្មាន​ ហាស្សាន់ ៖ ដំណើរទស្សនកិច្ចនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ -បន្ទាប់ពីបានបំពេញបេសកកម្មប្រកបដោយជោគជ័យ​ នៅប្រទេសសិង្ហបុរី រយៈពេល​៤​ថ្ងៃ ដឹកនាំដោយឯកឧត្ដម ​អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស​ និង​គណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញហើយកាលពីរាត្រីថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០១៩។

នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឯកឧត្ដម អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសសិង្ហបុរីលើកនេះ​ គឺដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ លើការងារមនុស្សធម៌​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ បច្ចេកទេស​គ្រប់គ្រងវិស័យនានាសម្រាប់បងប្អូនខ្មែរ​ឥស្លាម ។  នៅក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម បណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងវិស័យនានាសម្រាប់បងប្អូនឥស្លាម ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស កាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល់ផងដែរ ។ ឯកឧត្ដមបណ្ឌិត បានអបអរសាទរកម្ពុជាចូលជាសមាជិកភាព “MABIMS” ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការ​​ថ្នាក់រដ្ឋមន្រ្តី​ទទួ​ល​បន្ទុកកិច្ចការសាសនាឥស្លាម មានប្រទេសព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី​ ដែល​​ឆ្នាំ​នេះ​ សិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះឯកឧត្ដម បានជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី ដែលជាសមាគមចាស់ជាងគេ បានដំណើរជាង ៨៧ ឆ្នាំ លើវិស័យមនុស្សធម៌ សិក្សាធិការ សុខុមាលភាព និង ឃោសនាអប់រំ។ សម្រាប់កម្ពុជា លោកបណ្ឌិតបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសាងសង់វិហារ សាលារៀន អណ្តូងទឹក និងផ្តល់អាហារូបករណ៍ ជាដើម។ បន្ទាប់មក ឯកឧត្ដមបានជួបពិភាក្សាការងារ​ ជាមួយ​លោកបណ្ឌិត Tuan Haji Dr. Mohamed Fatris Bin Bakaram ចាងហ្វាង និងជាគណៈដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាមសិង្ហបុរី​ (MUIS) ដែលជាស្ថាប័នកំពូលឥស្លាមសិង្ហបុរី។ នៅក្នុងជំនួបនោះលោកចាងហ្វាងក្រុមប្រឹក្សាឥស្លាមសិង្ហបុរី​ ក៏បានឯកភាពគាំទ្រយ៉ាងពេញទំហឹង​ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស ឱ្យកាន់តែបានល្អប្រសើរឡើង​ នូវនិតិវិធីគ្រប់គ្រងហាជ្ជី (ធម្មយាត្រា)     វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល់ ខណៈដែល​ MUIS មានបទពិសោធន៍លើកិច្ចខាងលើជាង ៥០ឆ្នាំ​មកហើយ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបន្តទៀតថា លោកបណ្ឌិត​ ចាងហ្វាង​ MUIS ក៏បានអបអរដល់សហគមន៍ឥស្លាមទូទាំងប្រទេស ដែលបានរស់នៅប្រកបដោយសុខសន្តិភាព និង សុខ ដុមនីយកម្មដោយគ្មានការរើសអើង ជម្លោះជាតិសាសន៍ គោរពស្រឡាញ់គ្នា ក្រោមដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានតំណាងជាថ្នាក់ដឹកនាំក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធិសេរីភាពពេញលេញតាមជំនឿសាសនារបស់ខ្លួន៕

ដោយ សួស សំរិត