ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន Mobile App នៅក្នុងពិព័រណ៍ការងារ នាថ្ងៃទី១៤ ខែមិថុនា ស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ -ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន Mobile App របស់ខ្លួន នៅក្នុងពិព័រណ៍ការងារលើកទី២ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ នាថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងពិព័រណ៍នេះ ក្រសួងនឹងធ្វើការដាក់តាំង​បង្ហាញ​នូវកម្មវិធីបច្ចេកវិទ្យាព័ត៌មាន​សំខាន់ៗ​ចំនួនបី ដើម្បីផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាព​ចរាចរណ៍ និងចែករំលែកចំណេះដឹង​ទូលំ​ទូលាយដល់សិស្ស-និស្សិត រួមមាន ទី១. កម្មវិធី យល់​ដឹង​អំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ដែលអាចឱ្យអ្នកប្រើប្រាស់យល់​ដឹងពីសុវត្ថិភាពចរាចរណ៍ ស្លាក សញ្ញាចរាចរណ៍ និងទ្រឹស្តីក្នុងការប្រឡងយកបណ្ណបើកបរ។ ទី២. កម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ដែលអាចឱ្យអ្នកប្រើប្រាស់រាយ​ការណ៍ពី​គ្រលុកសំបុកមាន់ មកកាន់មន្រ្តី​មាន​សមត្ថកិច្ច ដើម្បីធ្វើចុះធ្វើការជួសជុលបានទាន់ពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍។ ទី៣. កម្មវិធីព័ត៌មានសាធារណការ និងដឹកជញ្ជូន (MPWT News) ដែលអាច​ចែករំលែកដល់អ្នកប្រើប្រាស់ ពីព័ត៌មានក្នុងវិស័យសាធារណការ និងវិស័យដឹកជញ្ជូន របស់​ក្រសួង ដែលចុះផ្សាយនៅតាមបណ្តាញសារព័ត៌មាន នានា។

សូមបញ្ជាក់ថា ការដាក់តាំងបង្ហាញស្តង់ពិព័រណ៍របស់ក្រសួង ក៏នឹងមានការលេង ល្បែង​កម្សាន្ត​ឆ្លើយសំណួរ យករង្វាន់មួកសុវត្ថិភាពចំនួន២០០មួក ពីសំណាក់សិស្ស និស្សិត និងសាធារណជនផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏អំពាវនាវដល់ដៃគូប្រព័ន្ធផ្សព្វ​ផ្សាយព័ត៌មាន​ទាំងអស់ ជួយផ្សព្វផ្សាយការតាំងបង្ហាញពិព័រណ៍នេះ នៅក្នុងបណ្តាញសារព័ត៌​មានរបស់ខ្លួន ទៅដល់សាធារណជន សិស្ស-និស្សិត បានជ្រាប និងចូលរួមទស្សនាស្តង់ របស់​ក្រសួង៕

ដោយ ឡុង ស៊ីវ៉ាន់