រដ្ឋសភាគ្រោងបន្តសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាង ភក្តី

ភ្នំពេញ៖  រដ្ឋសភា គ្រោងបន្តសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ សំដៅបើកផ្លូវឲ្យរាជរដ្ឋាភិបាលបង្កើនការវិនិយោគឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានសម្រេចយកថ្ងៃទី១៧ ខែមិថុនា បន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៦ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ដែលនឹងត្រូវឆ្លងការពិភាក្សា និងអនុម័តនាពេលខាងមុខនេះមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោ, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃការវិនិយោគ, និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ។
ឯកឧត្តម បន្តថា ក្នុងឱកាសប្រជុំពេញអង្គនោះដែរ ក៏មានការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដែលត្រូវចូលជំនួសសមាជិករដ្ឋសភាដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកនេះ ក៏បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរបន្ថែមទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាឲ្យទៅគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យសិក្សាផងដែរ៕