ប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ និងសិស្សចំនួន ១០០នាក់ទទួល អំណោយមនុស្សធម៌ ពីអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី៖

ប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ និងសិស្សចំនួន ១០០នាក់ស្ថិតក្នុងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩បានទទួលអំណោយមនុស្សធម៌ ពីអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋបានមួយរយៈ។នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


លោក ជេសសេ រ៉ាយដឺ (Jesse Rider)តំណាងម្ចាស់ជំនួយ បានមានប្រសាសន៍ថា៖ អំណោយ មនុស្សធម៌ ដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រនាពេលនេះ ថ្វីត្បិតមានចំនួនតិចក៏ពិតមែន តែកើតចេញពីក្តីស្រលាញ់ របស់អង្គការសង្ឃឹមអាស៊ីអន្តរជាតិ និងម្ចាស់ជំនួយមកពីសហរដ្ឋអាមេរិក ដើម្បីជួយ សម្រាលនូវការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋបានមួយរយៈប៉ុណ្ណោះ ដែលអាចឲ្យបងប្អូនមានលទ្ធភាពទៅប្រកបមុខរបរផ្សេងៗ ក៏ដូចជាដាំដំណាំរួមផ្សំ ក្នុងការលើកស្ទួយជីវភាពគ្រួសារ បានប្រសើរឡើង ។


ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថាអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាល យកចិត្តទុកដាក់ចែកជូននូវអំណោយ មនុស្សធម៌នេះ ដែលបង្ហាញឲ្យឃើញពីក្តីស្រលាញ់និង វប្បធម៌ចែករំលែក ដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត បានទាន់ពេលវេលា ។


ឯកឧត្តមបានមចាត់ទុក កាយវិកា ទាំងនេះ គឺជាស្មារតីសាមគ្គីជាតិ ចេះជួយគ្នាទៅវិញទៅមក រក្សាបាននូវប្រពៃណី ទំនៀមទំលាប់ និងរួមគ្នាថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ផ្តល់ឱកាសដល់ការវិនិយោគ កសាងសេដ្ឋកិច្ចសង្គមឱ្យមានការ រីកចម្រើន និងជួយលើកស្ទួយជីវភាព ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត ។
សូមបញ្ជាក់ថាអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម ទឹកត្រី១យួ មី១កេស និងស្បែកជើង១គូ និងសិស្សានុសិស្សចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសំភារសិក្សា សៀវភៅ ប៊ិច និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានឧបត្ថម្ភក្រមាចំនួន២៥០ក្រមា ជូនបន្ថែម ទៅប្រជាពលរដ្ឋក្រីក្រនិងសិស្សានុសិស្សនោះផងដែរ ៕